ភ្នំពេញ៖ បុរសម្នាក់ជាកីឡាករប្រដាល់ និងជាអ្នករត់ម៉ូតូឌុប ត្រូវបានជនមិនស្គាល់មុខ អារកប្លន់យកម៉ូតូ ម៉ាកសេ ១២៥ មួយគ្រឿង នាវេលាម៉ោង ២១៖៤០ នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅផ្លូវលំ ខាក្រោយមន្ទីរពេទ្យឯករាជ្យ ក្នុងភូមិព្រែកថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសំដីសមត្ថកិច្ចបានឲ្យដឹងថា បុរសនោះមានឈ្មោះ ធឿន វឿន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នមានមុខរបរជាអ្នកប្រដាល់ ប៉ុន្តែពេលទំនេរបានឆ្លៀតរត់ម៉ូតូឌុប ដែលមានម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៧ ពាក់ស្លាកលេខ ព្រៃវែង១៨៨៣។ តាមការសន្និដ្ឋានថារបស់សមត្ថកិច្ចមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់គេឌុបជនល្មើសចេញពី ម្តុំកាណាឌីយ៉ាលុះមកដល់កន្លែងកើតហេតុជាម្តុំដែលស្ងាត់ផងនោះ ក៏ត្រូវជនល្មើសឆ្លៀតឱកាសយកកូនកាំបិតចាប់អារកហើយប្រហែលជាមានការតដៃជាមួយជនសង្ស័យ ទើបណ្ដាលឲ្យស្បែកជើង និងមួកសុវត្ថិភាពរហូតចេញពីខ្លួន។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីតាមចាប់ជនប្រព្រឹត្ត៕
មតិយោបល់