ភ្នំពេញ៖ ជប៉ុនបានផ្ដល់ថវិកាជាង ២៦ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គាំទ្រវិស័យកសិកម្ម និងអប់រំ ដើម្បីឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ទៅលើវិស័យទាំងពីរ។
ថវិកា សរុប ២៦៦.៨០០ដុល្លារអាមេរិក ត្រូវបានដល់មន្ទីរកសិកម្មខេត្តស្វាយរៀង សាលាគរុកោសល្យ និងវិក្រិតការ និងមន្ទីអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ដើម្បីគាំទ្រវិស័យទាំងនោះ ឲ្យមានភាពកាន់តែប្រសើរឡើង ក្រោមពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ ដែលត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមីនា នៅស្ថានទូតជប៉ុនរវាង លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក យស សារ៉ាត់ ប្រធានមន្ទីរអប់រំ ខេត្តស្វាយរៀង និងលោក សៅ ស៊ីថា នាយកសាលាគរុកោសល្យ ខេត្តស្វាយរៀង ។
ថវិកាជាង ២៦ម៉ឺនដុល្លារ នេះ នឹងយកទៅបម្រើលើគម្រោងសាងសង់មជ្ឍមណ្ឌលសហគមន៍កសិកម្មត្នោត ចំនួន ១០២ ២៤៥ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារពិសោធន៍ នៅក្នុងគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង ថវិកាចំនួន ៨៧ ៩៤៩ ដុល្លារ និងសម្រាប់គម្រោងសាងសង់អគារមួយខ្នង នៅសាលាបឋមសិក្សា ព្រៃម្នាស់ ថវិកា ៧៦.៦០៦ ដុល្លារ៕
មតិយោបល់