ព័ត៌មានជាតិ

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ស្ទាក់​ចាប់​រថយន្ត​ដឹក​បាច់​ឫស្សី និង​បង្គោលរបង សង្ស័យ​អត់​ច្បាប់​យក​មក​រក្សាទុក

​ខេត្ត​ប៉ៃលិន ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​បាច់​ឫស្សី​ចំនួន​៩០​បាច់ និង​បង្គោលរបង​ចំនួន​៥០​ដើម អត់​មានច្បាប់​អនុញ្ញាត ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ម្ចាស់​រថយន្ត​ច្នៃ យកមក​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ។ ហេតុការណ៍​ចាប់​ឃាត់​រថយន្ត​ខាងលើ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ស្ត្រី​ដែល​ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ចាប់​ឃាត់​បង្គោលរបង និង​បាច់​ឫស្សី ឈ្មោះ ស្រី​ម៉ៅ អាយុ​៤៨​ឆ្នាំ ជា​កសិករ ,​ចំណែក​ម្ចាស់​រថយន្ត​កែច្នៃ ឈ្មោះ ប៊ុន ថន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង ដឹក​បាច់​ឫស្សី​មួយចំនួន និង​បង្គោលរបង​ដែល​មាន​ការបិទបាំង នៅ​ខាងក្រោម​បាច់​ឫស្សី ដោយ​បើកបរ​តាម​បណ្តោយ​ផ្លួវជាតិលេខ​៥៧ ក្នុង​ទឹសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំនុចកើតហេតុ​ក៏​មាន​មន្ត្រី​ប៉ូលីស និង​រដ្ឋបាល​ព្រៃឈើ សួរ​រក​លិខិតអនុញ្ញាត តែ​ដោយ​មិន​មាន​ឯកសារ​គ្រប់​គ្រន់ ក៏​ធ្វើ​ការឃាត់​រថយន្ត និង​អ្នកជិៈ​តែម្តង ។ ប្រភព​បន្តថា​៖ ក្រោយពី​ធ្វើ​ការឃាត់​រួច មន្ត្រី​សមត្ថកិច្ច​ទាំងនោះ បាន​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​តែម្តង ។ ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ដែល​ត្រូវ​ខណ្ឌ​រដ្ឋបាល​ប៉ៃលិន​ចាប់​ឃាត់​រថយន្ត​បាន​រៀបរាប់​ឱ្យដឹងថា គាត់​បាន​ទិញ​បង្គោល​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​គ្រក់ ខេត្ត​បាត់ដំបង ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ប៉ៃលិន ដោយ​បង្គោល​១​ដើម ទិញ​ថ្លៃ​៤.០០០​រៀល និង​ឫស្សី​១​បាច់ ទិញ​ថ្លៃ​៥.៥០០​រៀល ដើម្បី​យក​ទៅទល់​ដើម​តា​ង៉ែ​ន​នៅក្នុង​ចម្ការ​កុំឱ្យ​ដួល​រលំ ។ ប្រភព​បន្តទៀតថា តែ​ដោយសារ​គាត់​អត់​ដឹង​ច្បាប់ទម្លាប់​អ្វី​ឱ្យបាន​ត្រឹមត្រូវ​នោះ ទើប​ទិញ​ពី​គេ​រួច ក៏​ដឹក​តាម​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក៏​ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ស្ទាក់ចាប់​យក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​តែម្តង ។​តាម​ប្រភព​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឲ្យ​អ្នក​យក​ពត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖ ការដឹកឈើ ឬ​បង្គោលរបង​ពេញ​រថយន្ត​បែបនេះ ហើយ​អត់​ឃើញ​មាន​ធ្វើ​ច្បាប់​ត្រឹមត្រូវ លុះ​មន្ត្រី​ជំនាញ​សួរ​នាំ​ទៅ​គ្មាន​លិខិតអនុញ្ញាត​ក៏​ត្រូវ​ឃាត់​រថយន្ត​យក​មក​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នៅ​ស្នាក់ការ​តែម្តង ៕​
HJ

មតិយោបល់