យោធាអង់គ្លេស ប្រកាសនៅថ្ងៃអាទិត្យ ទី២២ សីហានេះថា មានជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ៧ នាក់បានស្លាប់នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនកកកុញនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។ ឧបទ្ទវហេតុនេះកើតឡើងខណៈពេលដែលមនុស្សរាប់ពាន់នាក់ប្រឹងរុលប្រជ្រៀតគ្នាខ្លាំងពេក ដើម្បីតែអាចភៀសខ្លួនចេញពីរបបតាលីបង់។
រយៈពេលមួយសប្តាហ៍ ចាប់តាំងពីដណ្តើមបានអំណាចនៅប្រទេសអាហ្វហ្កានីស្ថានមកវិញ ពួកតាលីបង់បានប្តេជ្ញាថានឹងកែប្រែច្បាប់គ្រប់គ្រងដ៏ឃោរឃៅ និងចាត់វិធានការឆ្ពោះទៅបង្កើតរដ្ឋាភិបាលចម្រុះ។
ក៏ប៉ុន្តែ ប្រជាជនអាហ្វហ្កានីស្ថានដ៏ច្រើនដែលមិនជឿជាក់លើការធានាអះអាងរបស់ពួកតាលីបង់ នៅតែភ័យខ្លាចនិងបន្តព្យាយាមភៀសខ្លួនរហូតបង្កឲ្យមានសោកនាដកម្មនៅឯព្រលានយន្តហោះ។ មានការរត់ជាន់គ្នា ការរងរបួសនៅក្នុងហ្វូងមនុស្សដ៏ច្រើនណែនណាន់តាន់តាប់ដែលរត់ប្រជែងគ្នាដើម្បីបានឡើងយន្តហោះចេញពីអាហ្វហ្កានីស្ថាន។
ដោយសារចំនួនមនុស្សច្រើនពេក កងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តមានការពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ខ្លាំងណាស់។ ហើយក៏ព្រោះស្ថានការណ៍នៅព្រលានយន្តហោះកាន់តែវឹកវរ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋាភិបាលអាមេរិកបានប្រកាសព្រមានពលរដ្ឋខ្លួនកុំឲ្យទៅតំបន់ក្បែរព្រលានយន្តហោះឲ្យសោះ។
ប្រឈមនឹងស្ថានការណ៍បែបនេះ សហភាពភាពអឺរ៉ុបនិយាយថាបេសកកម្មជម្លៀសមនុស្សប្រមាណ ៦ ម៉ឺននាក់ឲ្យអស់នៅត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខមិនអាចទៅរួចនោះទេ និងបានអំពាវនាវឲ្យអាមេរិកពន្យារពេលបិទបញ្ចប់បេសកកម្មនៅអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី ១៤ សីហារហូតមកទល់នឹងពេលនេះ មានមនុស្សប្រមាណ ១ម៉ឺន ៧ ពាន់នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្កានីស្ថាន ក្នុងនោះមានជនជាតិអាមេរិកាំង ២ ៥០០នាក់។ នេះបើតាមក្រសួងការពារអាមេរិកនិយាយកាលពីថ្ងៃសៅរ៍។ ក្រៅពីនេះ មានមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានដឹកជម្លៀសដោយយន្តហោះរបស់បណ្តាប្រទេសដទៃទៀត៕
មតិយោបល់