ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​ចាត់ទុក​កំណែទម្រង់​ក្នុង​ក្រប​ខណ្ឌ ឧត្ដមសិក្សា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​

​ភ្នំពេញ ៖​កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ ម្សិលមិញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យធ្វើ កំណែទម្រង់​លើ​វិស័យ អប់រំ​ត្រូវធ្វើ​ជា​បន្ត​ទៀត ដោយ​ក្នុង​នោះ​ផ្នែក​មួយ​ដ៏​សំខាន់​គឺ​កំណែ ទម្រង់​ក្នុង​ក្រប​ខណ្ឌ​ឧត្ដម សិក្សា​តែម្ដង​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន ៣ ០៣៨​នាក់​នា​ព្រឹក​ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ ២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា “​ប៉ុន្មាន​ថ្ងៃមុន​នេះ​ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​អប់រំ​បាន​ប្រកាស ទាក់ទិន​ជាមួយនិង​ការផ្អាក​ការបង្កើត​សាកលវិទ្យាល័យ​ថ្មីៗ ខ្ញុំ​មិន​ច្បាស់​ពី​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ ខ្ញុំ​ក៏​យល់​ស្រប​ថា​អ្វី ដែល​ជា​ការខិតខំ​របស់​យើង​ក្នុងពេលនេះ គឺ​ពង្រឹង​នូវ​គុណភាព​នៃ​សាកលវិទ្យាល័យ ដែល​មាន​ស្រាប់ ដែល​រហូត​មកដល់ពេលនេះ​មាន​ជាង ១០០ សាកល​វិទ្យា ល័យ​ទាំង​រដ្ឋ និង​ឯកជន ដូច្នេះ​ត្រូវ​ពង្រឹង​សាកលវិទ្យាល័យ​ទាំងនេះ​”​។​

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា យើង​ត្រូវ​ដាក់ចេញ​នូវ​គោលដៅ​ពង្រឹង​ផែនការ​នេះ​ដែល​ចែកចេញ​ជា ៥ ផ្នែក​គឺ​ទីមួយ លើកកម្ពស់​ជីវភាព និង​សមត្ថភាព​សាស្ត្រាចារ្យ មន្ត្រី និង​បុគ្គលិក ។ ទី​ពីរ លើកកម្ពស់​គុណភាព​សិក្សា​របស់​និស្សិត ។ ទី​បី ជំរុញ​សកម្មភាព​រៀន និង​បង្រៀន​ឲ្យ​ប្រសើរ​ជាង​មុន ។ ទី​បួន ជំរុញ​ការស្រាវជ្រាវ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​មាន គុណភាព​ជាង​មុន និង​ទី​ប្រាំ បង្កើន​សកម្មភាព ចុះជួយ​សហគមន៍​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ទូលំ ទូលាយ​ជាង​មុន ដើម្បី​ផ្សារភ្ជាប់​ទ្រឹស្ដី​ទៅ និង​ការអនុវត្ត​ជាក់ស្ដែង ។ ឥឡូវ​គ្រប់​សាកល​វិទ្យា ល័យ​ទាំងអស់ ទាំង​រដ្ឋ ទាំង​ឯកជន​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅ លើ​ការ​ពង្រឹងគុណភាព ហើយ​បើ​សិន​អាច​ធ្វើទៅបាន យើង​អាច​នឹង​តម្រង់​ទិស​នៃ​មុខវិជ្ជា ដើម្បី​ឲ្យស្រប​ទៅ និង​ទីផ្សារ ការងារ តម្រូវការ​របស់​សង្គម ដែល​ចេះ​តែ​កើនឡើង​នូវ​អ្នកបច្ចេកទេស ឬ​អ្នកចេះដឹង​លើ​ផ្នែក ខ្លះ ដែល​យើង​មិនទាន់មាន​៕​
Hun-en27-31

មតិយោបល់