ភ្នំពេញ៖ កម្ពុជាសម្រេចបានគោលដៅប្រយុទ្ធប្រឆាំងជំងឺរបេង និងបានក្លាយជាប្រទេសគំរូសម្រាប់ប្រទេសនានា នៅលើពិភពលោក។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។
យោងតាមការចុះផ្សាយរបស់ AKP ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនានេះ ដោយបានស្រង់យកខ្លឹមសារនៅក្នុងសាលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមីនា ក្នុងការអបអរសាទរទិវាប្រយុទ្ធជំងឺរបេងពិភពលោក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ថា អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនៅប្រទេសកម្ពុជាយើងមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះអត្រាស្លាប់បានធ្លាក់ចុះពី១៥៧ ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ កាលពីឆ្នាំ១៩៩០ មកនៅត្រឹម ៦៦ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់នៅឆ្នាំ២០១៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥៨ភាគរយ។ តួលេខនេះបញ្ជាក់ថា ប្រទេសកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរួចហើយ ដែលកំណត់ត្រឹម៥០ភាគរយនៅឆ្នាំ២០១៥។
យោងតាមសាលិខិតក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិភពលោកទាំងមូលក្នុងមួយឆ្នាំៗមានប្រជាជនប្រមាណ៩លាននាក់កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រមាណ ៣,៣លាននាក់ក្នុងមួយឆ្នាំៗពុំបានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ ហើយលើសពីនេះ ជំងឺរបេងបានឆក់យកជីវិតមនុស្សក្នុមួយឆ្នាំៗប្រមាណ ១,៥លាននាក់៕
មតិយោបល់