ព្រៃឈើនៅស្រុកសៀមប៉ាង ក្នុងតំបន់ឧទ្យានជាតិវីរជ័យ និងនៅតំបន់កន្ទុយនាគ កំពុងត្រូវបានពួកឈ្មួញ បន្តដាក់កម្លាំង ចូលទៅកាប់បំផ្លាញឥតឈប់ឈរ ខណៈពេលព្រៃឈើទាំងនោះ ជិតផុតពូជអស់ ហើយសមត្ថកិច្ចជំនាញ គ្មានវិធានការទប់ស្កាត់ និងបង្ក្រាបសោះឡើយ ។ រីឯការកាប់បំផ្លាញឈើនេះដែរ មិនត្រឹមតែកើតមាននៅក្នុងដីខ្មែរប៉ុណ្ណោះទេ ! ពួកឈ្មួញក៏បានបំផុសបំផុល ឲ្យប្រជាពលរដ្ឋលួចឆ្លងដែន ទៅកាប់ឈើនៅប្រទេសជិតខាង ដើម្បីយកមកលក់ឲ្យខ្លួន ដោយមិនគិតពីការប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះឡើយ ។
ជាក់ស្តែងសព្វថ្ងៃនេះ គេសង្កេតឃើញមានក្រុមឈ្មួញ នៅតែបន្តកាប់បំផ្លាញឈើ នៅតំបន់ព្រៃក្នុងទឹកដី នៃស្រុកសៀមប៉ាង ។ ក្រុមកាប់បំផ្លាញឈើ នៅតែប្រឹងកាប់ ឯក្រុមដឹកជញ្ជូននៅតែបន្តដឹក ។ បើសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ នៅតែបន្តនិងបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញអស់ទាំងនេះ ធ្វើសកម្មភាពបំផ្លាញព្រៃឈើ ដែលជាធនធានសម្បត្តិធម្មជាតិ របស់រដ្ឋទៀតនោះ ព្រៃឈើដែលនៅសេសសល់នាពេលនេះ នឹងខិតទៅរកការផុតពូជអស់ នាពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ ។
សូមរំឮកថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំការប្រជុំមួយ ស្តីពីការពង្រឹង នៃការអនុវត្តន៍បទបញ្ជា លេខ០២ របស់រាជរដ្ឋាភិបាល ក្នុងន័យខ្លឹមសារ បង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ ។
ក្នុងកិច្ចប្រជុំនេះដែរ អាជ្ញាធរខេត្ត បានលើកឡើង និងធ្វើការអនុវត្តន៍ ទៅតាមបទបញ្ជា លេខ០២ របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារថា មេបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងនគរបាល ការពារព្រំដែន ដែលឈរជើងនៅតាមបណ្តោយព្រំដែន និងក្បែរតំបន់ព្រៃឈើ ដែលពួកឈ្មួញបាន នាំកម្លាំងទៅកាប់បំផ្លាញនោះ ត្រូវអនុវត្តន៍ដូចតទៅ ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត នូវរាល់ការលបចូលទៅក្នុងទឹកដី ប្រទេសជិតខាង ដើម្បីកាប់ឈើ ក៏ដូចជាកាប់បំផ្លាញឈើនៅក្បែរមូលដ្ឋាន ដែលអង្គភាពនោះឈរជើង ហើយប្រសិនបើអង្គភាពនោះ មិនមានវិធានការទប់ស្កាត់នោះទេ អង្គភាពនោះ នឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ៕
មតិយោបល់