កំពង់ធំ៖មានការតក់ស្លុតនិងភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំដោយសារតែស្ដ្រីម្នាក់ឈឺពោះសំរាលកូននៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥នៅក្នុងមន្ទីរពេទ្យបង្អែស្ទោង បន្ទាប់ពីសំរាលកូនរួចហើយក៏ធ្លាក់ឈាមមិនឈប់ចេះតែខ្សោយទៅៗ រហូតមកដល់ម៉ោង៩ ព្រឹកក៏បានដាច់ខ្យល់ស្លាប់។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ន បានប្រាប់អោយដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះឡឹង នេន អាយុ ៣៦ ឆ្នាំ ប្ដី ស៊ឺន នីម អាយុ៣៦ ឆ្នាំដូចគ្នា រស់នៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយពីសំរាលបានកូនប្រុសម្នាក់មានសុខភាពល្អធម្មតា ចំណែកឯម្ដាយមានសុខភាពចេះតែខ្សោយទៅៗដោយសារតែឈាមធ្លាក់មិនឈប់ ក៏ហៅគ្រូពេទ្យ មកពិគ្រោះ ពេទ្យបានប្រាប់ថាត្រូវ វះកាត់ជាបន្ទាន់ ពេលនោះហៅបងប្អូនមកជុំគ្នាដើម្បី ពិនិត្យរកប្រភេទឈាមដូចគ្នានិងបូមឈាមជួយសង្គ្រោះជនរងគ្រោះ ក្រោយមកបូមឈាមបានម្នាក់ គ្រូពេទ្យក៏យកទៅបញ្ចូលអោយជនរងគ្រោះ ដោយដាក់ខ្យល់ អ៊ុកស៊ីសែន និងឧបករណ៍ស្ទង់បេះដូង ក្រោយពីវះកាត់រួច គ្រូពេទ្យទាំងនោះក៏បានចេញអស់ ដោយទុកអ្នករងគ្រោះអោយនៅជាមួយពេទ្យ ម្នាក់នៅយាមទីនោះតែឈាមមិនទាន់ឈប់ហូរទេ ដោយក្រុមគ្រួសារពិនិត្យឃើញស្ថានភាព អ្នករងគ្រោះចេះតែខ្សោយទៅៗក៏បានរត់ទៅហៅគ្រូពេទ្យត្រូវបានពេទ្យខឹង ថាចេះតែហៅរកតែធ្វើការមិនកើត រហូតដល់ម៉ោង៩ព្រឹក អ្នករងគ្រោះបានដាច់ខ្យល់ស្លាប់ទើបគ្រូពេទ្យមកមើល ហើយក៏ប្រាប់ សាច់ញាតិបងប្អូនថា ជនរងគ្រោះថាដាច់ខ្យល់ស្លាប់បាត់ហើយ ទន្ទឹមនឹងនោះក៏មានមតិមហាជនបានរិះគន់ដល់គ្រូពេទ្យដែលមិនយកចិត្តទុកដាក់ មិនទទួលខុសត្រូវ ធ្វេសប្រហែល ទុកជនរងគ្រោះអោយនៅជាមួយអ្នកគ្មានជំនាញមើលថែធ្វើអោយជនរងគ្រោះបាត់បង់ជីវិត មិនតែប៉ុណ្ណោះបានរិះគន់ក្រុមពេទ្យទាំងនេះ ថារើសអើងចំពោះអ្នកក្រីក្រមិនយកចិត្តទុកដាក់មើលថែ តែបើចំពោះអ្នកមានលុយ វិញគឺ មើលថែយកចិត្តទុកដាក់យ៉ាងគាប់ចិត្ត ទង្វើទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះប្រជាពលរដ្នក្រីក្រ ស្លាប់ជាច្រើននាក់ដោយសារតែការរើសអើងរបស់ក្រុមគ្រូពេទ្យ ក្នុងនោះដែរប្រជាពលរដ្នក៏បានសំណូមពរ អោយរាជរដ្នាភិបាលជួយលុបបំបាត់ចោលការរើសអើងនេះ និងអោយគ្រូពេទ្យទាំងអស់ មានក្រមសីលធម៍ក្នុងខ្លួនផង មានចំណាត់ការចំពោះគ្រូពេទ្យ ឬច្បាប់ណាមួយចំពោះគ្រូពេទ្យបែបនេះ។
ចំណែកសាកសពត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅគេហដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យ តាមទំនាមទំលាប់នៃពុទ្ធសាសនា ៕
មតិយោបល់