ខេត្តប៉ៃលិន៖បុរសជាជនសង្ស័យម្នាក់ ត្រួវបានកម្លាំងនគរបាលសង្កាត់អូរតាវ៉ៅ ចាប់ឃាត់ខ្លួន ខណៈមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក្នុងភូមិថា បានប្រើអំពើហិង្សាទៅប្រពន្ធឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមិនយកទៅព្យាបាលទុករហូតដល់ស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ ។ ហេតុការណ៏ចុះឃាត់ខ្លួនបុរសជាប្តីប្រើអំពើហិង្សា ទៅលើប្រពន្ធរហូតដល់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងផ្ទះជនរងគ្រោះ ភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះដែលស្លាប់ដោយប្តីប្រើអំពើហិង្សាឈ្មោះ សំ រួត ភេទស្រី អាយុ៤៧ ឆ្នាំ មុខរបរកសិករ រងរបួសជាំពេញដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេសចង្កេះជាំធ្ងន់ធ្ងរខ្លាំងជាងគេ មានកូនចំនួន ៣ នាក់ ប្រុស ១ ដោយកូនទី១ ឈ្មោះ វាសនា ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ,កូនទី២ ឈ្មោះ ស្រីនាង ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣ឈ្មោះ ស្រីនី ភេទស្រី អាយុ០៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរខ្ទីង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនដៃដល់ដែលជាប្តីឈ្មោះ អ៊ុច សុខហេង អាយុ ៤៨ ឆ្នាំ ជាកសិករ ទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖មុនថ្ងៃកើតហេតុក្នុងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង១រសៀល ជនសង្ស័យជាប្តីបានចេញពីផ្ទះទៅធ្វើចម្ការ ដូចសព្វមួយដង រូបគេដែលជាជនសង្ស័យក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធផឹកស្រាស្រវឹង ចំណែកបាយនៅឆៅពេញឆ្នាំង ធ្វើឱ្យរូបគេដែលជាប្តីខឹងយ៉ាងខ្លាំង ណាមួយអស់កម្លាំងផងទើបស្ទុះទៅទះជាច្រើនដៃ និងទាត់ធាក់ជាច្រើនជើង បណ្តាលឱ្យដួលសន្លប់បាត់ស្មារតីនៅក្នុងផ្ទះតែម្តង ។ ប្រភពបន្តទៀតថា៖ ពេលវ៉ៃប្រពន្ធឲ្យមានរបួសហើយ រូបគេជាប្តីមិនរវីរវល់និងរបួសនេះឡើង ថែមទាំងមិនឲ្យប្រពន្ធប្រាប់អ្នកណាឲ្យដឹងទៀត ដោយទុកឲ្យជំងឺប្រពន្ធចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ ។ លោក គង់ សំណាង នាយប៉ុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ ខែមេសា នេះថា៖ ស្ត្រីរងគ្រោះឈ្មោះ សំ រួត អាយុ៤៧ឆ្នាំ ចំណែកប្តីដែលជាជនដៃដល់ ឈ្មោះ អ៊ុច សុខហេង អាយុ៤៨ឆ្នាំ មានកូន៣ នាក់ ប្រុស១ ស្រី២ មានស្រុកកំណើតនៅភូមិដំណាក់អំពិល ឃុំរលកសរ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។ លោកបានបន្តទៀតថា៖ ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ឃើញថា សពស្ត្រីរងគ្រោះខាងលើរងរបួសជាំពេញដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេសចង្កេះជាំធ្ងន់ធ្ងរខ្លាំងជាងគេ លុះសួរនាំទៅបុរសជាប្តីប្រាប់ថា បានប្រើអំពើហិង្សាទៅលើនាងមែន ទើបចាប់ឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ដែលជាប្តី បានសារភាពថា ៖ ខ្លួន(ជនសង្ស័យ)បានវាយធ្វើបាបស្ត្រីរងគ្រោះដែលជាប្រពន្ធមែន ដោយឃើញប្រពន្ធផឹកស្រាស្រវឹង ហើយដាំបាយឆៅពេញឆ្នាំង ធ្វើឱ្យរូបគេខឹងយ៉ាងខ្លាំង ក្រោយពីវាយស្ត្រីរងគ្រោះហើយ ជនសង្ស័យមិនបានបញ្ជូនស្ត្រីរងគ្រោះដែលជាប្រពន្ធ មកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាលនោះទេ ថែមទាំងហាមមិនឱ្យប្រពន្ធនិយាយប្រាប់អ្នកណាទាំងអស់ បើពុំនោះទេរូបគេនឹងសម្លាប់ចោល ។ បច្ចុប្បន្ន ជនសង្ស័យត្រួវបានសមត្ថកិច្ចនគរបាលរដ្ឋាបាលសង្កាត់អូតាវ៉ៅ នាំមកសាកសួរ ព្រមទាំងរៀបចំកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការបន្ត ៕
ព័ត៌មានជាតិ
មតិយោបល់