រតនគីរី៖ នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារ លង់ទឹកស្លាប់ ខណៈមកកំសាន្ត នៅខេត្តរតនគីរី។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១.៥០នាទី រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសិល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី ត្រង់ចំណុចបឹងយក្សឡោម ។ រហូតដល់ម៉ោង៥.៤៤នាទី ល្ងាចថ្ងៃដដែលទើបរកសាកសពឃើញ។ យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ ព្រៃព្នៅ ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជាយុវសិស្ស រៀនថ្នាក់ទី១១ អនុវិទ្យាល័យ ព្រៃព្នៅ។ បានមកកំសាន្តលេងខេត្តរតនគីរីនេះ ជាមួយអ៊ុំប្រុសបង្កើតឈ្មោះ ផល និងលោកយាយបង្កើតឈ្មោះ ម៉ី ដែលរស់នៅភូមិ.ឃុំជាមួយគ្នា។ បើតាមការរៀបរាប់ ពីលោកយាយ ម៉ី ជាយាយជនរងគ្រោះ បានអោយដឹងថា ពួកគាត់ព្រមទាំងឪពុកម្ដាយនិងចៅគាត់ ដែលលង់ទឹកស្លាប់នោះ បាននាំគ្នាមកពីខេត្តព្រៃវែង ធ្វើបុណ្យនៅប៊ូស្រា ខេត្តមណ្ឌលគីរី ហើយនឹកឃើញថា ចង់ស្គាល់បឹងយក្សឡោម ខេត្តរតនគីរី ជាខេត្តជាប់គ្នា ផ្លូវក៏ស្រួលធ្វើដំណើរផងនោះ ក៏នាំគ្នាមកលេង តែឪពុកម្ដាយចៅស្រី(ជនរងគ្រោះ)វិលត្រឡប់ទៅផ្ទះវិញមុន មិនបានមកលេងទេគាត់ក៏បានសុំឪពុកម្ដាយ អោយចៅស្រីមកលេងជាមួយ។ មកពីខេត្តមណ្ឌលគីរី ដល់ខេត្តរតនគីរី ប្រហែលជាម៉ោង១២ ថ្ងៃត្រង់ (ថ្ងៃកើតហេតុ) ក៏នាំគ្នាមកញ៉ាំបាយនៅបឹងយក្សឡោមតែម្ដង ក្រោយពេលញ៉ាំបាយរួច ចៅរបស់គាត់ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥ បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។ ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កុំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕
ព័ត៌មានជាតិ
មតិយោបល់