កំពង់ឆ្នាំង៖ កំពុងចាត់វិធានការណ៍ ដល់ប្រជាពលរដ្ឋ ដែលរស់នៅផ្ទះទឹក ក្នុងសង្កាត់ផ្សារឆ្នាំង ផ្លាស់ប្តូរទីលំនៅ មករស់នៅលើគោកវិញផ្ទះបណ្តែតទឹកជាងមួយពាន់ខ្នង កំពុងរស់នៅលើដងទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង កំពង់ ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងតែបង្កអោយមានផលបះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងស្ទះចរាចរណ៏ផ្លូវទឹក នៅពេលដែលទឹកទន្លេ កំពុងរីងរាក់និងផ្លូវរួមតូច និងធ្វើអោយបះពាល់ ការចរាចរណ៏មច្ឆាជាតិ បាត់ បង់សណ្តាប់ធ្នាប់ សោភណ្ឌ័ភាព បះពាល់លើវិស័យទេសចរណ៏ផងដែរ ។ កន្លងមកអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាល បានប្រឹងប្រែងគិតគូ លើបញ្ហានេះ ដើម្បីរិៈរកវិធីណាមួយ អោយប្រជាពលរដ្ឋទាំងនោះ ចាកចេញពីការរស់នៅក្នុងទឹក ឡើងមករស់នៅលើគោក ដូចប្រជាពលរដ្ឋធម្មតាវិញ ប៉ុន្តែការគិតគូកន្លងទៅ ត្រូវទទួលការបរាជ័យ ម្តងជា២ដងរួចមកហើយ ព្រោះតែគំរោងនេះ ត្រូវចំណាយថវិកាច្រើនពេក ។ ប៉ុន្តែថ្មីៗនេះ បានលេចឮជាថ្មីទៀតថា អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាល ត្រូវអនុវត្តគម្រោងដដែលនេះ ជាថ្មីម្តងទៀត ។ ប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានអោយដឹងថា ផ្ទះបណ្តែតលើទឹកទាំងនោះ មានប្រមាណជាង១ពាន់ខ្នង ក្នុងនោះមានទាំងប្រជាជនខ្មែរ ជនជាតិវៀតណាម និងខ្មែរឥស្លាមកំពុងរស់នៅ ដោយខ្លះជាអ្នកនេសាទ ជាឈ្មួញទិញត្រី ជាកសិករធ្វើស្រែចំការ ។ ចំណែកខ្លះទៀត បានធ្វើអាជីវកម្មនៅលើផ្ទះទឹកតែម្តង ដូចជាជាងជួសជុលម៉ាស៊ីន ជាងក្រឡឹង ជាងធ្វើទូក ធ្វើកាណូត បាឡាស្មាច់ អាជីវករលក់ប្រេងឥន្ទនៈ បញ្ចូលអាគុយ និងចិញ្ចឹមត្រីជាដើម ។ ការរស់នៅលើផ្ទៃទឹក របស់ពួកគាត់ គឺមិនបានគិតគូពីអនាម័យ និងបរិស្ថានលើទឹកបន្តិចណាឡើយ ដោយពួកគាត់ បានបោះចោលសំរាម ថង់ផ្លាស្ទីក កាកសំណល់ ផ្ទះបាយ និងជាងនេះទៅទៀត គឺការបន្ទោបង់ទម្លាក់ចូល ទៅក្នុងទឹកទន្លេមួយថ្ងៃៗ រាប់តោនបំពុលទឹកនាខែប្រាំង ។ ចំណែកឯជាងជួសជុលម៉ាស៊ីនវិញ បានបង្ហូរប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ចូលទៅក្នុងទឹកទន្លេតែម្តង ដែលទាំងអស់នេះ គឺសុទ្ធតែធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថានទឹក។ លោក ហួន វ៉ន មេភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បញ្ចាក់អោយដឹងថា ផ្ទះបណ្តែតទឹក ក្នុងសង្កាត់ផ្សារឆ្នាំង មានចំនួន១១៤២ខ្នងផ្ទះ មានប្រជាពលរដ្ឋ សរុបចំនួន១០០៤គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋវៀតណាម ៨១៣គ្រួសារ ប្រជាពលរដ្ឋខ្មែរ ចំនួន១១១គ្រួសារ និងខ្មែរឥស្លាម ចំនួន៧០គ្រួសារ ។ អាជ្ញាធរបានបញ្ជាក់ថា បានជាចំនួនផ្ទះច្រើនជាងចំនួនគ្រួសារ គឺមកពីគ្រួសារខ្លះ មានផ្ទះបណ្តែតទឹក ដល់ទៅ២ទៅ៣ខ្នងផ្ទះក៏មាន ។ ចំនួនខាងលើនេះ គឺយកតែអ្នករស់នៅ លើផ្ទៃទឹកទេ ចំពោះអ្នកមានផ្ទះសសរជាប់ដី នៅមាត់ទន្លេ មិនរាប់បញ្ជូលឡើយ ។ ចំនួនប្រជាពលរដ្ឋ បានរស់នៅលើផ្ទៃទឹក បានកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែង នៅឆ្នាំ២០១៤ មានតែជាង៨០០គ្រួសារ តែប៉ុណ្ណោះ នៅឆ្នាំ២១០៥ មានដល់ទៅ១០០៤គ្រួសារ បញ្ហានេះអាជ្ញាធរ ក៏បានដឹងដែរថា បញ្ហានេះបានធ្វើអោយប៉ះពាល់ ការចរាចរណ៏លើផ្លូវទឹក និងបរិស្ថានធ្ងន់ធ្ងរផងដែរ ។ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងថា អាជ្ញាធរខេត្ត ពិតជាមានគម្រោងអោយប្រជាពលរដ្ឋទាំងអស់ រស់នៅលើផ្ទះបណ្តែតទឹក ទៅរស់នៅលើគោកវិញ ដោយអនុញ្ញាត្តិ អោយមានតែបែចិញ្ចឹមត្រី តែមិនអោយពួកគាត់ រស់នៅជាអចិន្ត្រៃលើទឹកឡើយ ។ តាមគម្រោងការនេះ ខេត្តបានស្នើសុំគោលការ ពីក្រសួងមហាផ្ទៃរួចហើយ ពីគម្រោងខាងលើនេះ ៕
ព័ត៌មានជាតិ
មតិយោបល់