ព្រះសីហនុ៖លោក នូ សុផល ប្រធានមន្ទីរទេសចរណ៌ខេត្តព្រះសីហនុបានឲ្យដឹងថា ត្រីមាសទី១ដើមឆ្នាំ២០១៥នេះ ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៣.៨៣០នាក់ បើប្រៀបធៀបរយះពេលដូចគ្នាត្រីមាសទី១ ឆ្នាំ២០១៤ ភ្ញៀវទេសចរជាតិមានចំនួន ៤០៦.៦០៩នាក់ មានការកើនឡើង ២៣.៨២% និងភ្ញៀវអន្តរជាតិចំនួន ១២៧.២២១នាក់ កើនឡើង ៩.០៥% ។ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរបរទេសទាំង១០ប្រទេស នាំមុខគេមានចិន ១៤.០៦២នាក់ រុស្ស៊ី ១៣.៦៩៨នាក់ វៀតណាម ១២.៣៨៩នាក់ អាមេរិក ១១.៣៥៥នាក់ បារាំង ១០.៧៦០នាក់ អង់គ្លេស ១០.៥៩៦នាក់ អូស្ត្រាលី ៧.៩៧៣នាក់ អាលីម៉ង់ ៦.៤៨៨នាក់ កូរ៉េខាងត្បូង៥.៣២៩នាក់ និងកាណាដា ៥.០៣៧នាក់ក្រៅពីនោះ មានភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត ។ រយះពេល៣ខែដើមឆ្នាំ២០១៥មាននាវាទេសចរណ៌ចូលចតចំនួន ១៧លើក មានភ្ញៀវទេសចរចម្រុះជាតិសាសន៌ចំនួន ១៥.៦០៦នាក់ ។លោកប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ខេត្តព្រះសីហនុជាមជ្ឍមណ្ឌលខេត្តតំបន់ឆ្នេរ មានពហុវិស័យផ្នែកសេដ្ឋកិច្ច សម្បូរដោយសក្តានុពលទេសចរណ៍ធនធានធម្មជាតិ ដូចជាឆ្នេរ ខ្សាច់សស្អាត ទឹកសមុទ្រថ្លា ឧទ្យានជាតិរាម ទឹកធ្លាក់ក្បាលឆាយ និងកោះជាច្រើនសម្បូរដោយ ប្រព័ន្ធជីវៈចម្រុះច្រើនប្រភេទ និងធម្មជាតិដ៏ស្រស់បំព្រងនៅបាតសមុទ្រ និងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមទាំងសម្បទានសេវាកម្មទេសចរណ៍ផ្គត់ផ្គង់ជាច្រើន ជាប្រភេទធនធានសក្តានុពល ក្លាយជាកត្តាចលករជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកលេងសម្រាកកម្សាន្តលំហែកាយកាន់តែច្រើនឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ។លោកប្រធានមន្ទីរទេសចរណ៌បានបញ្ចាក់ថា ភ្ញៀវទេសចរបរទេសមកលេងកំសាន្តនៅខេត្តព្រះសីហនុមានចំនួនច្រើននៅចន្លោះខែ១២ រហូតដល់ខែ៣ និងនៅខែ៤ រហូតដល់ខែ១១ភ្ញៀវទេសចរបរទេសមានការថយចុះ ដោយសារតែរដូវភ្លៀង ព្យុះធ្វើឪ្យអ្នកដំណើមានការថយចុះ ។ ក្នុងមួយថ្ងៃៗភ្ញៀវទេសចរបរទេសធ្វើដំណើទៅកំសាន្តនៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចាប់ពី៦០០ ទៅ៧០០នាក់ ក្នុងមួយថ្ងៃ ក៌ប៉ុន្តែនូវរដូវបុណ្យទានមានភ្ញៀវទេសចរជិះទូកទៅកំសាន្តនៅតាមបណ្តាកោះចាប់ពី៨០០ ទៅ៩០០នាក់ក្នុងមួយថ្ងៃផងដែរ ។ បច្ចុប្បន្នភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ទៅសម្រាកលំហែកាយនៅតាមកោះនានាមានដូចជាភូមិកោះតូច ភូមិសុខសាន្ត ភូមិកោះរុងសន្លឹម ភូមិដើមស្វាយ ស្ថិតក្នុងសង្កាត់កោះរុង ដែលមានចំងាយ ៤០គីឡូម៉ែត្រពីដីគោក និងនៅមានកោះសង្សារ កោះឫស្សី កោះតាកៀវ កោះចន្លុះ កោះក្របី និងកោះសេះ ជាចំណុចទាក់ទាញភ្ញៀវទេសចរផងដែរ ។ លោក នូ សុផល បានបញ្ជាក់ថា មន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូ និងអាជីវករប្រកបមុខរបរទេសចរទាំងអស់ត្រូវរក្សាតម្លៃសេវាកម្មឪ្យបានសមរម្យ មិនត្រូវតម្លើងថ្លៃនាំឪ្យខាតបង់ផលប្រយោជនរបស់ខ្លួនពីភ្ញៀវទេសចរនោះទេ ព្រោះកាលណាយើងធ្វើការដំឡើងថ្លៃ ធ្វើឪ្យភ្ញៀវទេសចរបង្វែរទៅទស្សនាកំសាន្តតំបន់ផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ៕
ព័ត៌មានជាតិ
មតិយោបល់