ព័ត៌មានជាតិ

សណ្ឋាគារ​និង​ផ្ទះសំណាក់​ឡើង​តម្លៃ​ខ្ពស់​ទ្វេ​រដង​នៅ​ខេត្តសៀមរាប​

សៀមរាប​៖ តម្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅក្នុង​តំបន់​ប៉ូល​ទេសចរណ៍​សៀមរាប​អង្គរ​មួយ​នេះ​កំពុង​ហក់​ឡើង​ទ្វេរ​គុណ​គួរ​ឲ្យ​កត់សម្គាល់ ខណៈពេលដែល​មន្ទីរ​ពា​ក់​ព័ន្ធ​និង​អាជ្ញាធរ ហាក់បីដូចជា​មានការ​ព្រងើយកន្តើយ​ចំពោះ​ករណី​មួយ​នេះ ហើយ​ករណីនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។ តម្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​បាន​ឡើងថ្លៃ​នោះ​ចាប់ពី​ផ្តើម​ឆ្នាំ​២០១៥​មក​ម្លេះ បន្ទាប់ពី​គ្រានោះ​មានកម្ម​វិធី​បុណ្យ​ជាច្រើន ទើប​ក្រុម​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំងនោះ​ឆ្លៀតឱកាស​ប្រមូល​យកលុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​មិនមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ចេញ​វិធានការ​គ្រប់គ្រង​តម្លៃ​ឲ្យ​បាន​នឹងធឹង​នោះទេ​។ ភ្ញៀវ​ទេសចរណ៍​ម្នាក់​មកពី​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវទេសចរ​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ពេញ​រក​កន្លែង​សម្រាក​ស្ទើរ​គ្មាន​ផង ប៉ុន្តែ​ទាស់​ត្រង់​ថា តម្លៃ​បន្ទប់​ថ្លៃ​ខុសពី​ធម្មតា​ទ្វេ​រដង​។​លោក​បន្តថា ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​បុណ្យទាន​ម្តងៗ លោក​តែងតែ​នាំ​ក្រុមគ្រួសារ​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប ហើយ​ជាទូទៅ​តម្លៃ​សណ្ឋាគារ​តែងតែ​ឡើង​ចុះ​ស្រេច​តែ​ចិត្ត​របស់​ម្ចាស់​សណ្ឋាគារ​។​លោក​បន្តថា បន្ទប់​សណ្ឋាគារ​ធម្មតា​គាត់​ធ្លាប់​គេង​ក្នុង​១​យប់​តម្លៃ​តែ​២០​ទៅ​២៥​ដុល្លា ប៉ុន្តែ​ដល់​ថ្ងៃ​ជិត​បុណ្យទាន​នេះ ឡើង​រហូតដល់​៤០​ទៅ​៥០​ដុល្លា​ក្នុង​១​យប់​។​ចំណែក​ម​គ្គុ​ទេស ទេសចរណ៍​ម្នាក់​ផ្សេងទៀត​បាន​ប្រាប់ថា ពិតជា​មានការ​ឡើងថ្លៃ​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​អង្គរ​នេះ​ប្រាកដ​មែន ព្រោះ​ម្ចាស់​សណ្ឋាគារ​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ខាងមុខនេះ​នឹងមាន​ការរៀបចំ​ពី​ធី​បុណ្យ​ដ៏​ធំ​មួយ​នៅក្នុង​ខេត្តសៀមរាប​។​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះអាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិនបាន​គ្រប់គ្រង​តម្លៃ​ឲ្យ​បាន​ថិ​ត​ថេរ​នោះទេ​ពោលគឺ​តម្លៃ​ឡើង​ស្រេច​តែ​អំពើ​ចិត្ត​របស់​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំងនោះ​។ ទាក់ទិន​ករណីនេះ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​មិនអាច​សុំ​ការបំភ្លឺ​ករណី​ខាងលើ​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក ហៅចូល​តែ​គ្មាន​អ្នក​លើក​។ ជុំវិញ​ករណី​នេះដែរ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​មិនអាច​សុំ​ការបំភ្លឺ​ករណី​ខាងលើ​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក ហៅចូល​ជាច្រើន​ដង​តែ​គ្មាន​ទទួល​។ បើតាម​មជ្ឈដ្ឋាន​ពលរដ្ឋ​និង​ភ្ញៀវទេសចរ​បានធ្វើការ​រិះគន់​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិន​សំចៃមាត់​ថា ទៅសុំ​លុយ​ពី​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​រួចហើយ ធ្វើ​ម្តេច​ហ៊ាន​ដេញដោល​សួរនាំ​រឿង​តម្លៃ​ឡើង​ចុះ​នោះបាន​ទៅ បើ​មួយឆ្នាំៗ​ប្រមូល​លុយ​បាន​ច្រើន​គួរសម​ដែរ​ស​៕​
IMG_0182

មតិយោបល់