ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនទឹកដោះគោ (ធីផត) បើកបុករះម៉ូតូនិងរឺុម៉កម៉ូតូកង់បីហោះឡើងសួនរង្វង់មូលតាព្រហ្ម

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានករណីរថយន្តមួយគ្រឿងដែលគេអះអាងថាជារបស់ក្រុមហ៊ុនទឹកដោះគោ (ធីផត) បើកបរដោយយុវជនម្នាក់លឿនដូចហោះជាន់ហ្វាំងមិនស៊ីបុករះម៉ូតូនិងរុឺម៉កកង់បី ហើយជ្រុលចង្កូតឡើងសួនរង្វង់មូលតាព្រហ្មតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមនុស្សណាម្នាក់ណារងរបួសនោះឡើយ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចរង្វង់មូលតាព្រហ្ម ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

រថយន្តបង្កម៉ាក TEAPOT ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-7573 អ្នកបើកបរមានឈ្មោះ ឡាក់ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ចំណែកឯម្ចាស់រុឺម៉កកង់បីមានឈ្មោះ ឆេង ពៅ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរងរបួសស្រាល ។ រីឯម៉ូតូមួយគ្រឿងទៀតម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5616 រងការខូចខាតបន្តិចបន្តួចអ្នកបើកបររងរបួសស្រាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូនិងរុឺម៉កកង់បីបើកបរតាមផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តបង្កបើកបរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះចាប់ហ្វាំងមិនស៊ីបានបើកបុករះម៉ូតូនិងរុឺម៉កកង់បីរួចហើយក៏ជ្រុលចង្កូតទៅមុខហោះឡើងសួនរង្វង់មូលតាព្រហ្មតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធនិងអ្នកបើកបររថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕

មតិយោបល់