កំពង់ឆ្នាំង៖ដីព្រៃលិចទឹកជាច្រើនហិកតា នៅក្នុងឃុំចំនួន២ គឺឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង បានរងការកាប់ និងដុតបំផ្លាញជាច្រើនហិកតា រៀងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ច និងជំនាញណា ចុះទប់ស្កាត់ និងបង្ក្រាបឡើយ ពិសេសដីនៅចំណុចមុខ តាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះ បានបា្រប់អោយដឹងថា ពុំមែនប្រជាពលរដ្ឋ ដែលនៅជិតៗនោះ ជាអ្នកកាប់និងដុតទេ គឺមានអ្នកនៅឆ្ងាយបានមកកាប់ដីព្រៃលិចទឹក នៅតំបន់នោះ សម្រាប់ សាបស្រូវពេលភ្លៀងធ្លាក់ ដោយខ្លះមានក្បាលដី ពី៣០ទៅ៥០ម៉ែត្រ ដោយពួកគេបានលបលួច មកកាប់កូនឈើជាដីព្រៃលិចទឹក ហាលឲ្យងាប់ ទើបគេមកដុតឲ្យវាល សម្រាប់នៅពេលមានភ្លៀងធ្លាក់ គេមកសាបស្រូវតែម្តង ។ សកម្មភាពបែបនេះ បានធ្វើឲ្យប៉ះពាល់ដីព្រៃ ជាជម្រកត្រីពងកូន ក្នុងរដូវទឹកឡើង ប៉ុន្តែសកម្មភាពបែបនេះ គ្មានមន្ត្រី និងសមត្ថកិច្ចណា ចេញមុខទៅទប់ស្កាត់ឡើយ ។ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបន្តថា អ្នកដុតព្រៃទាំងនោះ បានធ្វើឲ្យ ភ្លើងឆេះរាលដាល មកជិតរបងវត្តយុគន្ឋរ ធ្វើឲ្យព្រះសង្ឃ និងអាចារ្យ ភ័យខ្លាចបាននាំគ្នាតទុយោទឹកបាញ់ពន្លត់ អស់រយៈពេលជាច្រើនម៉ោង ទើបគ្រប់គ្រងបាន ។ ករណីខាងលើនេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៏ បានឲ្យដឹងថា លោកបានទទួលព័ត៌មាននេះហើយ និងកំពុងស្រាវជ្រាវរកមុខសញ្ញា ជនបំផ្លាញព្រៃលិចទឹកនោះ តែបើទោះជាបែបនេះក្តី លោកនឹងស្រាវជ្រាវទាល់តែឃើញ ។សូមរំលឹកថា នៅស្រុកបរិបូរណ៏ សកម្មភាពកាប់ដីព្រៃលិចទឹកនេះ បានកើតឡើងពីរលើកហើយ ដែលករណីទី១ កើតឡើងនៅតំបន់ដំបូកក្រហម ឃុំផ្សារ ហើយអាជ្ញាធរ បានចាប់ឃាត់គ្រឿងចក្រមួយគ្រឿង បញ្ជូនទៅមន្ត្រីជំនាញ និងលើកនេះ កើតនៅឃុំត្រពាំងចាន់ និងឃុំឆ្នុកទ្រូ ជាបន្តបន្ទាប់ទៀត ៕
ព័ត៌មានជាតិ
មតិយោបល់