បន្ទាយមានជ័យ៖លោកសុខធឿនប្រធានការិយាល័យកសិកម្មនៃមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានបើករថយន្តឡិចស៊ីសស្លាកលេខរដ្ឋបុកពីក្រោយរថយន្តដឹកទឹកកកបណ្តាលអោយស្លាប់២នាក់ និងរងរបួស ៥ នាក់។ បន្ទាប់ពីកើតហេតុលោកសុខ ធឿន បានរត់គេចខ្លួនបាត់។ គ្រោះថ្នាក់កើតឡើងនៅម៉ោង ៨ យប់ថ្ងៃទី១៧ មេសា ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចបង្គោលភ្លើងលេខ០០៩០ ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ លោកសួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៨មេសាថាគ្រោះថ្នាក់នោះគឺរថយន្តតូយ៉ូតាឡិចស៊ីស LX ៤៧០ពណ៌ស ពាក់ស្លាកលេខ រដ្ឋ ២-០៦៣៨ ជារបស់រដ្ឋ ដែលលោក យឿន ប៊ុនថា ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ជាអ្នកប្រើប្រាស់បានបើកបរក្នុងល្បឿនលឿន ពីទិសកើតទៅលិចស្របទិសទៅបុកពីក្រោយពេញទំហឹងពីក្រោយរថយន្តកង ៦ ពណ៌លឿង ពាក់ស្លាកលេខ ៣A ០៥៤៣ ប្រភេទដឹកទឹកកក បណ្តាលអោយរថយន្តទាំងពីរខូចខាតយ៉ាងដំណំ។ អ្នកបើកបររថយន្តឡិចស៊ីសមានឈ្មោះសុខ ធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រធានការិយាល័យកសិកម្មនៃមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានរត់គេចខ្លួន។ ឯអ្នកបើកបររថយន្តដឹកទឹកកកមិនទាន់ស្គាល់ឈ្មោះ ត្រូវប្រភពប្រាប់ថា ក៏គេចខ្លួនដែរ។ លោកសួន នីប៉ូ និយាយបន្តថា ពេលរថយន្តឡិចស៊ីសរបស់រដ្ឋនោះ បើកបុកពេញទំហឹងពីក្រោយរថយន្តដឹកទឹកកក ដែលត្រឡប់ពីដាក់ទឹកកកអស់នោះ បង្កអោយរថយន្តខូចខាតស្ទើរទាំងស្រុង។ ក្នុងនោះបានបង្ករងគ្រោះដល់មនុស្ស រួមមាន:១-ឈ្មោះ ថង សាវ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធ ជាជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ រស់នៅសរអា បានជិះរថយន្តឡិចស៊ីសត្រូវស្លាប់ភ្លាមៗ។ ២-ឈ្មោះ ជា សុធា ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មករឡានដឹកទឹកកក លំនៅភូមិរំដួលឃុំ-ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្លាប់ភ្លាមៗ។ រីឯអ្នករងរបួសរួមមាន:១-ឈ្មោះស៊ុយ ហាក់ ភេទប្រុស អាយុ៦០ឆ្នាំ ជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរ ជាប្តី របស់ឈ្មោះថង សាវ៉ន។ ២-លោកយឿន ប៊ុនថា ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ លំនៅភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រងរបួសស្រាល។៣-ឈ្មោះ សាយ ម៉ាឡៃយ៉ា ភេទស្រីអាយុ ៤២ឆ្នាំ លំនៅភូមិទឹកថ្លដែរ រងរបួសស្រាល។ ៤-ឈ្មោះយឿន ម៉ាលីស ភេទស្រី អាយុ ២៥ឆ្នាំ លំនៅភូមិទឹកថ្លារងរបួសស្រាល និង៥-ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាប្រធានការិយាល័យកសិកម្មនៃមន្ទីរ រងរបួសស្រាលរឺឯរថយន្តទាំង២គ្រឿងនោះត្រូវបានប៉ូលីសចរាចរណ៎អូសយកទៅរក្សាទុកនៅស្នងការដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់