ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលរូបគាត់បណ្តើរសត្វឆ្កែ៣ក្បាល ចេញពីផ្ទះទៅមើលចម្ការរបស់ខ្លួន ដែលមានប្រវែងប្រហែល២គឺឡូម៉ែត្រពីផ្ទះ ក៏ប្រទះឃើញមានសត្វខ្លាឃ្មុំខ្មៅ១ក្បាលទម្ងន់ប្រហែលជា១០០គីឡូក្រាមស្ទុះចេញពីក្នុងព្រៃមាត់អូរ រត់យ៉ាងលឿនមកសង្គ្រប់លើរូបគាត់ រួចខាំជាច្រើនចង្កូម តែសំណាងល្អ ដោយជនរងគ្រោះមានស្មារតីរឹងប៉ឹង ក៏ទាញពូថៅដែលនៅជាប់នឹងដៃ កាប់តទល់ជាមួយខ្លាឃ្មុំចំនួន២ពូថៅ បណ្តាលឱ្យសត្វខ្លាឃ្មុំរងរបួស រួចរត់ចូលព្រៃបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុចព្រៃអូរតាវ៉េត ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បុរសជនរងគ្រោះដែលជ្រូកខ្វះឈ្មោះសឿន ម៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំក្តុល ស្រុកបវេល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ខាងលើ ។ ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា៖ នៅព្រឹកនៃថ្ងៃកើតហេតុ រូបគាត់បានចេញពីផ្ទះម្នាក់ឯងបណ្តើរឆ្កែចំនួន៣ក្បាល ក្នុងគោលបំណងទៅមើលចម្ការដំឡូងមីរបស់ខ្លួន ដែលបានដាំរួចរាល់កាលពីបីថ្ងៃមុន ក្រោយពីមានភ្លៀងមួយមេធំ ។ គាត់បន្តទៀតថា ពេលដើរតាមក្បែរព្រៃមាត់អូរ ជិតដល់ចម្ការទៅហើយ ស្រាប់តែឮសូរសំឡេងសត្វឆ្កែរបស់គាត់ព្រូស ហើយពួកវាបានរត់គេចព្រោងព្រាត ។គ្រាន់តែឃើញដូច្នេះ គាត់នឹកស្មានថា ឆ្កែឃើញសត្វជ្រូកព្រៃទើបដើរលបៗទៅក្បែរនោះ មិនទាន់ទៅដល់ផង ស្រាប់តែសត្វខ្លាឃ្មុំ១ក្បាលយ៉ាងធំ មានកម្ពស់ជាង១ម៉ែត្រ ទម្ងន់ប្រហែល១០០គីឡូក្រាម វែកព្រៃស្ទុះរត់តម្រង់មករកគាត់ ក៏ទះចំក្បាល១ដៃ ខាំដោះមុត៤ចង្កូម និងខាំស្មាដៃស្តាំ៨ចង្កូម ញីផ្ទប់ទៅនឹងដីបម្រុងហែកស៊ីតែសំណាងល្អ ដោយរូបគាត់មានស្មារតីរឹងប៉ឹង ក៏ទាញពូថៅដែលនៅជាប់នឹងដៃ កាប់តទល់ជាមួយខ្លាឃ្មុំចំនួន២ពូថៅ បណ្តាលឱ្យសត្វខ្លាឃ្មុំរងរបួស រួចរត់ចូលព្រៃបាត់ស្រមោល ។ ក្រោយពេលកើតហេតុរូបគាត់ ត្រួវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ។ ប្រភពពីប្រជាពលរដ្ឋ បានឲ្យអ្នកយកព័ត៌មានដឹងថា៖ នេះជាលើកទី១ហើយ ដែលមានករណីសត្វខ្លាឃ្មុំខាំមនុស្ស បណ្តាលឱ្យរងរបួសធ្ងន់ ដែលពីមុនមកធ្លាប់តែមានករណីជ្រូកព្រៃខ្វេះខាំបុរសជាច្រើននាក់ បណ្តាលឱ្យរងរបួសធ្ងន់ តែមិនមានអ្នកណាបាត់បង់ជីវិតនោះឡើយ ៕
ព័ត៌មានជាតិ
មតិយោបល់