ព័ត៌មានជាតិ

មន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យម៉ាតតេលា ទប់ស្កាត់ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា

កំពង់ឆ្នាំង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយបានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញគ្រឿងកំប៉ុង ដែលមានដាក់តាំងលក់នៅផ្សារក្រោម និងតូបលក់ជុំវិញផ្សារ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានការដាក់តាំងលក់ផលិតផល ម្ហូបអាហារ ដែលខូចគុណភាពណាមួយឡើយ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់