ភ្នំពេញ៖បើទោះបី MY TV ចេញព័ត៌មានថា ក្រុមងារងារកម្មវិធី ពេញចិត្តឬអត់ របស់ MY TV នឹងទៅសុំទោសប្អូនស្រី អេឡែន ដល់ផ្ទះក៏ពិតមែន ក៏ប៉ុន្តែងាកទៅមើលបណ្តាញសង្គមហ្វេសប៊ុកវិញ ស្រាប់តែទទួលបានព័ត៌មានថា អ្នកលេងហ្វេសប៊ុកស្នើដល់ MY TV បណ្តេញពិធីករ ពេជ្រ សេរីរ័ត្ន និងតារាពហុជំនាញ ជាគណៈកម្មាធិការខាងលើ លោក រ៉ូលីន ។
ដើមហេតុដែលឈានដល់ការវែកញែក នឹងបញ្ចេញមតិឲ្យ MY TV បណ្តេញតារាពីរដួងខាងលើ ដោយសារតែកាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃទិវាដឹងគុណម្តាយ ស្ថានីយ៍ទូរទស្សន៍ខាងលើ បានអញ្ជើញប្អូនស្រីអេឡែន ជាភ្ញៀវកិត្តិយស រួចក៏សួរណែនាំពីការបែកម្តាយ និងប្រាប់ថា រកឃើញម្តាយ អេឡែនវិញហើយ តែដល់ទីបញ្ចប់បែរជាចេញ រ៉ូលីនមកវិញ ។ សកម្មភាពនេះ ត្រូវបានមហាជនអ្នកលេងហ្វេសប៊ុក ធ្វើការរិះគន់មិនសំចៃមាត់ ដោយលើកហេតុផលនេះ ហេតុផលនោះ ថា កម្មវិធីបំពានទៅលើផ្លូវចិត្ត ក្មេងស្រីម្នាក់ ដែលកំពុងឈឺចាប់ ដោយបាត់បង់ម្តាយជាង ១០ ឆ្នាំ ។
បើសិនយើងវិភាគឲ្យច្បាស់ទៅ មតិរបស់អ្នកហ្វេសប៊ុក ស្នើឲ្យ MY TV ដកតារាពីរដួងខាងលើចេញ ពេលខ្លះអាចជារឿងត្រឹមត្រូវ ក៏ប៉ុន្តែយើងភ្លេចគិតថា នរណាជាអ្នកនៅពីក្រោយខ្នងរឿងបង្កើតកម្មវិធីនេះ ។ ក្នុងសម្ព័ន្ធការងារ គេមានពីរមាត្រារបស់គេ មាត្រា១ ៖ មេធ្វើអ្វីក៏មិនដែលខុសនោះទេ មាត្រា២៖ បើមេខុស សូមងាកទៅមើលមាត្រា១វិញ ។ ក៏ប៉ុន្តែនិយាយវែកញែកឲ្យត្រឹមត្រូវទៅ អ្នកបង្កើតកម្មវីធីត្រូវតែរ៉ាប់រង មិនត្រូវដាក់សម្ពោធទៅលើ បុគ្គលិកក្រោមឱវាទឡើយ ពោលគឺអ្នកបង្កើតកម្មវិធី លោក តាប៊ុយ ដាច់ខាតត្រូវតែចេញមុខសូមទោសជាសាធារណៈ លើបញ្ហាបង្កើតកម្មវិធីនេះ ដើម្បីកុំឲ្យជះឥទ្ធិពល អ្នកក្រោមឱវាទខ្លួន ៕
មតិយោបល់