បាងកក៖ អតីតនាយករដ្ឋមន្ត្រីបណ្ដេញចេញពីតំណែងរបស់ថៃ លោកស្រី Yingluck Shinawatra នៅថ្ងៃទី១៩ ខែឧសភានេះបានចូលខ្លួនបំភ្លឺនៅក្នុងតុលាការកំពូលក្នុងទីក្រុងបាងកកប្រទេសថៃ ដើម្បីដោះស្រាយលើក្ដីបំណុលគម្រោងទិញស្រូវ នៅក្នុងអំឡុងពេលលោកស្រីកាន់អំណាច នេះបើយោងតាមការចុះផ្សាយរបស់ Chennel News Asia ចេញផ្សាយមុននេះបន្ដិច។
លោក Norrawit Larlaeng មេធាវីរបស់លោកស្រី Yingluck បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនពេលតុលាការសម្រេចថា លោកមានទំនុកចិត្តថា លោកស្រី Yingluck អាចនឹងគ្មានទោសនោះទេ ព្រោះតាមការពិនិត្យមើលទៅលើឯកសារ និងភស្ដុតាងគឺមិនអាចចោទប្រកាន់លោកស្រីបានឡើយ។ លោកស្រី Yingluck អាចនឹងជាប់គុក ១០ឆ្នាំ ប្រសិនតុលាការរកឃើញថា លោកស្រីបានធ្វើខុសពិតមែន។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលលោកស្រី Yingluck កាន់អំណាច គឺបានកំណត់ទិញស្រូវពីពលរដ្ឋក្នុងតម្លៃ ៥០០ដុល្លារអាមេរិក ក្នុង១តោន ដែលខ្ពស់ជាងតម្លៃទីផ្សារសកលលោក ៤០ភាគរយ ដោយបានធ្វើឲ្យខាតបង់ថវិកាជាតិប្រមាណ ១៥ពាន់លានដុល្លារអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់