បន្ទាយមានជ័យ៖ប្រជាពលរដ្ឋនិងជាជីវករដឹកទំនិញមកទីដីថៃបាននិយាយឲ្យដឹងថាយានយន្តរបស់ប្រជាពលរដ្ឋដែលឆ្លងទៅមកដីថៃដើម្បីទិញទំនិញពីផ្សារតាប់ប្រាយ៉ាខេត្តស្រះកែវប្រទេសថៃយកមកដាក់លក់ដូរនៅផ្សារបឹងត្រកួននិងប្រើប្រាស់តាមផ្ទះជាលក្ខណៈគ្រួសារតាមច្រកតំបន់បឹងត្រកួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្រកតំបន់នោះយកប្រាក់ក្បាលរថយន្តមិនញញើតដៃទេ។ប្រជាពលរដ្ឋបាននិយាយបន្តថាគោយន្តសណ្ដោងរ៉ឺម៉ក១គ្រឿងគេយក២ម៉ឺនរៀល ម៉ូតូ១គ្រឿងគេយក១ម៉ឺនរៀល រថយន្ត១គ្រឿង១ម៉ឺនរៀល ចំណែកមនុស្សម្នាក់១.០០០រៀលផ្សេងទៀត។ការដាក់ច្រកយកលុយពីអ្នកដឹកកសិផលទៅលក់នៅប្រទេសថៃនេះបានកើតមានជាយូរឆ្នាំមកហើយមិនមែនទើបតែមួយរយៈនេះទេគឺចាប់តាំងពីលោកមេប៉ុស្តិ៍ចាស់រហូតដល់ប្អូនប្រុសមកកាន់ជាមេប៉ុស្តិ៍ច្រកតំបន់បឹងត្រកួននេះបន្តទៀតពលរដ្ឋរកស៊ីក្នុងតំបន់នោះពុំដែលមានសេចក្តីសុខម្តងណាទេ។ រាល់ការចេញចូលឆ្លងទៅមកដីថៃនៅចំណុចបារ៉ាស់ត្រួតពិនិត្យរបស់នគរបាលការពារព្រំដែនគោកលេខ៨០៧ប៉ុស្តិ៍ច្រកតំបន់បឹងត្រកួនអ្នកស្រុកដែលមានយានយន្តត្រូវចូលទៅទទួលប័ណ្ណធ្វើដំណើរ១ច្បាប់ដែលចេញឲ្យដោយនគរបាលការពារព្រំដែនប៉ុស្តិ៍ច្រកតំបន់មួយនេះគ្រប់គ្នាហើយ។អ្នកស្រុកលើកឡើងថាផ្សារតាប់ប្រាយ៉ានៅស្រុកតាប់ប្រាយ៉ានោះមានចម្ងាយឆ្ងាយពីព្រំដែនមិនក្រោមពីជាង១០គីឡូម៉ែត្រខុសពីផ្សារជាប់ព្រំដែនមួយចំនួនដូចជាផ្សាររុងក្លឿមិនគួរសមត្ថកិច្ចលើកដៃយកប្រាក់ក្បាលយានយន្តរបស់ពួកគាត់ឡើយ។ ជុំវិញករណីខាងលើនេះលោកម៉ង់ ស៊ីហៅពៅមេប៉ុស្តិ៍ច្រកតំបន់បឹងត្រកួននៃនគរបាលការពារព្រំដែនគោក៨០៧បានបដិសេធថាខាងសមត្ថកិច្ចរបស់លោកមិនដែលយកប្រាក់ក្បាលយានយន្តដូចការចោទប្រកាន់ឡើយ។ចំណែកលោកស សំណាង ប្រធានគណៈកម្មការច្រកតំបន់បឹងត្រកួននៅពេលសាកសួលោកឆ្លើយថាអារឿងជំរិតទាលុយពីអ្នករកស៊ីហ្នឹងលោកអត់សូវដឹងដែរ លោកបន្ថែមទៀតថា បើអ្នកចេញ-ចូលធម្មតាទិញសំបុត្រម្នាក់១.០០០រៀលតែប៉ុណ្ណោះ។ទោះជាមានការបកស្រាយខុសៗគ្នាយ៉ាងណាក៏ដោយប៉ុន្តែប្រជាពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែតប្រាប់ថា នាពេលកន្លងមកនៅពេលដែលគាត់ដឹកសាច់ញាតិតាមរថយន្តកាមរី១គ្រឿងទៅលេងផ្សារតាប់ប្រាយ៉ាតាមច្រកតំបន់បឹងត្រកួនត្រូវចំណាយប្រាក់អស់៣ម៉ឺនរៀលលើសំបុត្រ១សម្រាប់ធ្វើដំណើរចូលទៅដីថៃ ដោយប្រាក់៣ម៉ឺនរៀលនោះបង់ឲ្យនគរបាលការពារព្រំដែនគោកលេខ៨០៧ ប៉ុស្តិ៍ច្រកតំបន់បឹងត្រកួន។ ច្រកតំបន់បឹងត្រកួនក្នុងស្រុកថ្មពួកមួយនេះកន្លងមកមានឈ្មួញនាំចូលហ្គាសគេចពន្ធដឹកពេញៗរថយន្តនៅវេលាយប់សង្ស័យដោយសារបណ្ដាលមកពីការឲ្យដៃពីមន្ត្រី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកតំបន់នោះទើបអាចដឹកហ្កាសយកមកពីប្រទេសថៃបានយ៉ាងងាយចូចច្នេះ៕
ព័ត៌មានជាតិ
មតិយោបល់