ព័ត៌មានជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងមនុស្សច្រើនជាង ៥,០០០នាក់ ដែលជាប់ឃុំដោយសារធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ

(រ៉ង់ហ្គូន)៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅថ្ងៃចន្ទ ទី១៨ ខែតុលានេះបានប្រកាសថាមនុស្សច្រើនជាង ៥,០០០នាក់ ដែលកំពុងជាប់ឃុំខ្លួន ដោយសារសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។

បើតាមលោក Min Aung Hlaing អ្នកទោសសរុបចំនួន ៥,៦៣៦នាក់ នឹងត្រូវដោះលែង ក្នុងឱកាសពិធីបុណ្យ Thadingyut ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។ យោងតាមអង្គការឃ្លាំមើលស្ថានការណ៍ AAPP នៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ជនស៉ីវិលច្រើនជាង ១,១០០នាក់ បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម ហើយច្រើនជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។

កាលពីខែកក្កដាកន្លងទៅ បាតុករប្រឆាំងរដ្ឋប្រហារចំនួនជាង ២,០០០នាក់ ត្រូវបានដោះលែងពីពន្ធនាគារ ក្នុងនោះរួមមានទាំង អ្នកកាសែតរិះគន់យោធាផងដែរ។ ដោយឡែក នៅមានបាតុករប្រហែលជាង ៧,៣០០នាក់ទៀត កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយការសម្រេចចិត្តដោះលែងទោស នេះកើតមានឡើង បន្ទាប់ពីអាស៊ានកាលពីសប្ដាហ៍មុបទើបតែបានសម្រេចចិត្ត មិនអញ្ជើញលោក Min Aung Hlaing ឲ្យចូលរួមកិច្ចប្រជុំកំពូល ក្នុងខែតុលានេះឡើយ ដោយសារតែការដោះស្រាយរបស់រដ្ឋាភិបាលយោធា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា៕

ប្រភព៖ AFP

 

មតិយោបល់