រតនគិរី៖កម្លាំងចម្រុះស្រុកអូរយ៉ាដាវសហការជាមួយកងកម្លាំងសមត្ថកិច្ចវរៈការពារព្រំដែនគោក រួមមាននគរបាលវរៈការពារព្រំដែនលេខ៦២៣ និងយោធាវរៈការពារព្រំដែនគោកលេខ១០២ព្រមទាំងកម្លាំងទីបញ្ជាការស្រាល ដែលពិនិត្យចំណុចដែលជនជាតិវៀតណាមមកជីកស្រះទឹកចំនួន៥កន្លែង និងប្រើគ្រឿងចក្រជីរណ្តៅធំៗជាច្រើនហិកតានៅក្នុងភូមិសាស្ត្រតំបន់ត្រួតស៊ីគ្នាចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រទេសកម្ពុជា ជាប់ព្រំប្រទល់ភូមិសេសៅ ឃុំយ៉ាណាង ស្រុកឌឹកគើ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ។ លោកហេង រតនា ស្នងការរងទទួលបន្ទប់កិច្ចការព្រំដែនបានឲ្យដឹងថា បញ្ហាជនជាតិវៀតណាមលួចចូលជីកស្រះ៥កន្លែងនោះលោកបានជួនរបាយការទៅថ្នាក់លើហើយ ថ្នាក់លើនឹងប្រជុំសម្រេចឲ្យលប់ស្រះនោះវិញឫយ៉ាងណានោះ លោកពុំទាន់បានដឹងទេ ចាំមើលប្រហែល៤-៥ថ្ងៃទៀតទើបដឹង។ មន្ត្រីប៉ុស្តិ៍ការពារព្រំដែនបានឲ្យដឹងថា ស្រះទឹកទាំង៥កន្លែងដែលជនជាតិវៀតណាមយកគ្រឿងចក្រចូលជីកនោះ រំលោភមកលើត្រង់តំបន់ត្រួតស៊ីគ្នាចំណុចនិយាមកាទី១ លេខ 0775794. 1515564 និយាមកាទី២ លេខ 0775792. 1515588 និយាមកាទី៣ លេខ 0775516. 1516086 និយាមកាទី៤0775424. 1516124 និយាមកាទី៥ 0775528. 1516308 នៃGPS WGS84 ហើយចំណុចនៃនិយាមកានីមួយៗរំលោភចូលពីខ្សែទឹកដីប្រទេសវៀតណាមមកលើចំណុចសូន្យ ព្រំដែនកម្ពុជាចាប់ពី១៩៩.២ម៉ែត្ររហូតទៅ៣៧៩.៥ម៉ែត្រ។ លោករចំ ជីប នាយប៉ុស្តិ៍ភូមិឡុំ និងលោកអនុសេនីយ៍ទោ លី ស៊ាងហួត មេបញ្ជាការកងអនុសេនាធំលេខទី១ នៃមូលដ្ឋានទ័ព ការពារព្រំដែនគោកវរៈលេខ១០២ បានត្អូញត្អែរដូចគ្នាៗថា ភូមិសាស្ត្រចន្លោះបង្គោលព្រំដែនលេខ៣០ ទៅលេខ៤០មានចំងាយ៥៥គីឡូម៉ែត្រ មានប៉ុស្តិ៍សង្កេតការចំនួន១១ ពុំទាន់មានបង្គោលព្រំដែនពិតប្រាកដនោះទេ ហើយកម្លាំងការពារក៏តិច ដូច្នេះមានការលំបាកក្នុងការដើរល្បាតណាស់ ធ្វើអោយងាយស្រួលដល់ជនជាតិវៀតណាមដែលឈ្លាតឱកាសជ្រាតចូលធ្វើសកម្មភាព។ ហើយស្នើរសុំឲ្យរាជរដ្ឋាភិបាលធ្វើផ្លូវតាមបន្ទាត់ព្រំដែនដែលមានចំងាយ៥៥គីឡូម៉ែត្រនេះផង ព្រោះមន្ត្រីវរៈការពារព្រំដែនពិបាកនិងល្បាតមើលល្បិចជនជាតិវៀតណាមរំលោភលើអធិបតេយ្យភាពខ្មែរណាស់៕
ព័ត៌មានជាតិ
មតិយោបល់