ភ្នំពេញៈ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២០នាទី មានករណី យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ដកូរ៉េដឹកដីមួយគ្រឿង ខណៈដែលកំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ត្រង់ចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អែល សុខជា អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកំពុងសំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ កណ្ដាល1AA-0126 ពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ ក៏ឃើញរថយន្ដដឹកដី១គ្រឿងម៉ាក កូរ៉េ ពណ៌ខៀវ ដែលពាក់ស្លាកលេខភ្នំពេញ2 J-5741 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ទិសដៅបញ្ច្រាស់ បានឆ្លងផ្លូវទៅគន្លងរបស់ខ្លួន ប៉ុន្ដែទើបតែឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវម៉ូតូបុកចំពីមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យយុវជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះ តៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់សម្រោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដទៅរក្សាទុកដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់