ភ្នំពេញ៖កម្ពុជា ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2015 ក្រុមហ៊ុន Huawei Marine ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ នៅទូទាំងពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ និងថែទាំប្រព័ន្ធខ្សែកាប្លិ៍អុបទិកមួយ ជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ម៉ាឡេស៊ី) ក្រុមហ៊ុន Symphony Communication Public (ថៃ) និង ក្រុមហ៊ុន Telcotech (កម្ពុជា) ដើម្បីសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ។
គម្រោងតភ្ជាប់ខ្សែកាប្លិ៍ប្រវែង 1.300 គីឡូម៉ែត្ររបស់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ MCT នេះ នឹងតភ្ជាប់ទីក្រុង Cherating ក្នុងប្រទេសម៉ាឡេស៊ី និងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ និងតភ្ជាប់មកកាន់ខេត្តព្រះសីហនុប្រទេសកម្ពុជា តាមរយៈស្ថានីយតូច ដែលតភ្ជាប់ពីស្ថានីយមេ។ សម្រាប់ការដំណើរការបន្តទៅកាន់ប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា នឹងអាចប្រព្រឹត្តទៅបានតាមរយៈ ការតភ្ជាប់បណ្តាញលើគោកបន្ថែមទៀត។ ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត 100G ដែលមានសមត្ថភាពអាច
ផលិតបានលើសពី 30 Tbps ។ ប្រព័ន្ធនេះនឹងអាចដំណើរការ និងផ្តល់សេវាកម្មដល់អតិថិជនបាននៅដំណាច់ឆ្នាំ 2016 ។
នៅក្នុងពិធីចុះហត្ថលេខានេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មន្ត្រីជាន់ខ្ពស់សំខាន់ៗក្នុងជួររាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសដទៃទៀតយ៉ាងច្រើនកុះករ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ដែលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការដំឡើងជាលើកដំបូង នៃប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលមានល្បឿនលឿន និងសមត្ថភាពខ្ពស់មិនធ្លាប់មាន។
ក្រុមហ៊ុន Huawei Marine នឹងដាក់ពង្រាយឧបករណ៍បង្កើនល្បឿនអុបទិក ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ អាចប្រើខ្សែរត់ដល់ទៅ 6គូ និងប្រើប្រាស់ប្រអប់ទីតាញ៉ូមតូចស្ដើង ដើម្បីកាត់បន្ថយការចំណាយលើប្រតិបត្តិការបានយ៉ាងច្រើន ផ្សារភ្ជាប់ជាមួយនឹងការដាក់ពង្រាយបណ្តាញនានា ដែលអនុញ្ញាតឲ្យដាក់ពង្រាយបានច្រើនតភ្ជាប់គ្នា ព្រមទាំងការកប់នៅក្រោមបាតសមុទ្រ។
ប្រព័ន្ធខ្សែកាប្លិ៍ថ្មីនេះ នឹងផ្តល់ឲ្យប្រទេសកម្ពុជា និងបណ្តាប្រទេសនៅជុំវិញ ជាមួយនឹងការកើនឡើងយ៉ាងខ្ពស់នៃកម្រិតបញ្ជូនទិន្នន័យលំដាប់អន្ដរជាតិ ដែលនឹងជួយបង្កើនទិន្នន័យកម្មវិធីអ៊ីនធើណេតកាន់តែច្រើន និងបទពិសោធថ្មីរបស់អ្នកប្រើប្រាស់ទាំងបុគ្គល និងស្ថាប័នពាណិជ្ជកម្ម។
លោក Ma Yanfeng អគ្គនាយករងក្រុមហ៊ុន Huawei Marine បានមានប្រសាសន៍ថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលបានសហការជាមួយអតិថិជនរបស់យើង និងចាប់ផ្តើមធ្វើការអភិវឌ្ឍ និងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍ MCT ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ឥណ្ឌូចិន»។
មតិយោបល់