សេអ៊ូល៖ នៅថ្ងៃពុធទី០៣ ខែមិថុនា ឆ្នាំ ២០១៥នេះ រដ្ឋាភិបាលក្រុងសេអ៊ូលបានអះអាងថា ខ្លួនបានជោគជ័យនៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង ដែលមានសមត្ថភាពអាចកម្ទេចកូរ៉េខាងជើងបានទាំងមូល។
មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទីភ្នាក់ងារព័ត៌មាន AP ថា មីស៊ីលផ្លោងរយៈចម្ងាយ ៥០០គីឡូម៉ែត្រ ត្រូវបានបាញ់សាកល្បងចេញពីតំបន់មួយនៅភាគខាងត្បូងប្រទេស ដោយការបាញ់សាកល្បងនោះក៏មានវត្តមានលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងចូលរួមផងដែរ។
មិនទាន់មានប្រតិកម្មភ្លាមៗពីប្រទេសកូរ៉េខាងជើងឡើយ ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង និងការគំរាមនេះ ខណៈដែលកូរ៉េខាងជើង ត្រូវបានអាមេរិកដាក់ទណ្ឌកម្មយ៉ាងខ្លាំងទៅលើការបាញ់សាកល្បងគ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បងនុយក្លេអ៊ែរ៕
មតិយោបល់