ភ្នំពេញ៖ ក្រោយពីទម្លាយរឿងស្អិតនៅក្នុងទ្រូង ជាមួយនឹងចំណងស្នេហាចាស់របស់ខ្លួន នោះ គេឃើញថា ចន ចាន់លក្ខិណា កំពុងតែក្លាយទៅជា ព្រះអាទិត្យ ឬព្រះចន្ទ រះលើភពថ្មី បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ។
ចន ចាន់លក្ខិណា ដែលជាតារាម៉ូដែល និងតារាសម្តែង ដែលក្រសោបកេរ្តិ៍ឈ្មោះល្បីរន្ទឺ មួយរយៈមុន បានឱបក្រសោបទុក្ខសោក ក្នុងទ្រូង មិនទម្លាយឲ្យនរណាដឹងឡើយ ដើម្បីរក្សាកេរ្តិ៍ស្មោះ ស្អាតស្អំ ទាំងសងខាង ។ ក៏ប៉ុន្តែការបៀបរឿងអាថ៌កំបាំងនេះ វាបានធ្វើឲ្យនាងខុសទៅវិញ ដោយមតិមហាជនជាច្រើន បានវាយប្រហារទៅលើនាងថា ជាស្រីផិតក្បត់ប្តី ហើយក៏ធ្លាប់ទទួលបានព័ត៌មានថា មានទំនាក់ទំនងស្នេហាជាមួយនឹងមន្ត្រីយោធា ពាក់ផ្កាយ ៤ លើស្មា ទៀតផង ។
រឿងនេះ បានធ្វើឲ្យ ចន ចាន់លក្ខិណា ឈឺក្បាល ម្តងហើយម្តងទៀត និងចេញមុខបកស្រាយជាច្រើន តែវានៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យ ។
យ៉ាងណាមិញ លើលោកនេះគ្មានអាថ៌កំបាំងនោះទេ រឿងក្នុងចិត្តរបស់នាងក៏ត្រូវបានទម្លាយចេញ ក្រោយពីមានទំនាក់ទំនងស្នេហា យ៉ាងពេញទំហឹងជាមួយនឹង បុរសម្នាក់តែងតែកៀកកើយនាង ជាអ្នកជំនួញសាមញ្ញម្នាក់ ។
ស្នាមញញឹម របស់នាងក៏បានទម្លាយជាសាធារណៈ តែការរិះគន់នៅតែមាន ។ ឆ្លើយតបនឹងការរិះគន់នេះ ចន ចាន់លក្ខិណា បានទម្លាយរឿងដែលនាងបែកគ្នាជាមួយអតីតស្វាមី លោក យុត្ថារា ឆានី ដោយសារតែប្តីមានទំនាក់ទំនងជាមួយនឹងអ្នកទីបី ទើបចំណងស្នេហាអតីតកាលដ៏ផ្អែមល្អែម ត្រូវចែកផ្លូវ ។
ជាមួយនឹងការទម្លាយនេះ មានមហាជន និងអ្នកគាំទ្រជាច្រើនសាទរ នឹងនាង និងងាកមកគាំទ្រនាងវិញ និងយល់ពីទឹកចិត្តមនុស្សស្រីម្នាក់នេះ ដែលឱបទុក្ខសោកជាយូរណាស់មកហើយ នោះ។
ដូចពាក្យចាស់ពោលថា «ក្រោយភ្លៀង មេឃស្រលះ» សុភាសិតចាស់បុរាណខ្មែរមួយនេះ ពិតជាត្រឹមត្រូវណាស់ ដូចអ្វីដែលយើងឃើញជាក់ស្តែងស្រាប់ហើយ ចន ចាន់លក្ខិណា កំពុងសោយសុខ ឡើងវិញ ជាមួយនឹងស្នាមញញឹម រាប់ពាន់ ជាមួយនឹងគូស្នេហ៍ថ្មីរបស់ខ្លួន ដែលអាចនិយាយថា នាងជាព្រះអាទិត្យរះលើផែនដីចាស់ ឬឃើញពន្លឺថ្ងៃឡើងវិញហើយ ។ ទោះជាយ៉ាងនេះក្តី នាងក៏បានទម្លាយថា សម្រាប់ចំណងស្នេហាចាស់របស់នាង និស្ស័យបានត្រឹមតែ«បងប្អូន» តែប៉ុណ្ណោះ វាមិនអាចលើសពីនេះនោះទេ បន្ទាប់ពីមានរូបភាពជាច្រើនស្លឹកថតរូមគ្នា នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន នោះ ៕
មតិយោបល់