ចិន៖ ដូចដែលអ្នកប្រើប្រាស់បានដឹងរួចមកហើយថា ប្រទេសចិន បានរឹងបន្ដឹងទៅលើការប្រើប្រាស់អ៊ីនធើណេត ព្រោះវាជាគ្រោះថ្នាក់ផ្ទៃក្នុងមួយដែលអាចនាំឲ្យចិនឆ្ពោះទៅរកភាពបរាជ័យ និងអាចធ្វើឲ្យបក្សកុម្មុយនិស្ដចិនរលំរលាយបាន។
បក្សកុម្មុយនិស្ដចិនបានយល់ឃើញថា បើសិនជាមិនទប់ស្កាត់ការប្រើប្រាស់អ៊ីនធើណែតនោះទេ នោះនឹងអាចកើតមានមហាបាតុកម្មជាយថាហេតុ ឬអាចក្លាយជាការប៉ះបោរប្រឆាំងនឹងថ្នាក់ដឹកនាំ ដូចនៅពិភពអារ៉ាបនាដើមឆ្នាំ២០១១ បើសិនជារដ្ឋអំណាចក្ដោបប្រព័ន្ធអ៊ីនធើណែតមិនបានជាប់ល្អ។
នៅឆ្នាំ២០១០ ក្រសួងសន្ដិសុខសាធារណៈចិន បានអះអាងថា ការអភិវឌ្ឍន៍លឿនរហ័សនៃអ៊ីនធើណែត កំពុងបង្កឡើងនូវហានិភ័យមួយធ្ងន់ធ្ងរសម្រាប់ «ការរក្សាស្ថិរភាព» នៅក្នុងប្រទេស។ ក្រសួងមួយនេះ ក៏បានបន្ថែមទៀតថា ការបង្កើតឡើងនូវ «ប្រព័ន្ធសន្ដិសុខដ៏ធំមួយសម្រាប់ត្រួតពិនិត្យអ៊ីនធើណែត» គឺជាការចាំបាច់បំផុត។
នៅក្នុងន័យនេះ អាជ្ញាធរចិនមិនអានអែអង់ឡើយ បានប្រកាសបង្រឹងការត្រួតពិនិត្យទៅលើអ៊ីនធើណែត កាលពីខែតុលាឆ្នាំ២០១១ កន្លងទៅនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍មួយ ទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ពីអំណេះតទៅបណ្ដាញសង្គម និងសារទាក់ទងគ្នានៅក្នុងប្រព័ន្ធអ៊ីនធើណែត សុទ្ធតែស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។
Micro-blogs នេះហើយគឺជាផ្ទាំងស៊ីបសំខាន់ជាងគេរបស់រដ្ឋាភិបាលចិន ពីព្រោះស្រដៀងគ្នាទៅនឹង Twitter micro-blogs ទាំងនេះបាននឹងកំពុងបន្ដក្លាយជាវេទិកាមួយប្របកទៅដោយគ្រោះថ្នាក់សម្រាប់ទីក្រុងប៉េកាំង។ តាំងពីមានចលនាបដិវត្តន៍នៅពិភពអារ៉ាប់ និងតាំងពីមានគ្រោះថ្នាក់ភ្លូករថភ្លើងល្បឿនលឿនបំផុតនៅប្រទេសចិនកាលពីខែកក្កដាឆ្នាំ២០១១មក សាររាប់លានសន្លឹកដែលរិះគន់រដ្ឋាភិបាលត្រូវបានបង្ហោះតាម micro-blogs។
អ្វីដែលអាជ្ញាធរចិនចង់ទប់ស្កាត់ គឺការប្រើប្រាស់អ៊ីនធើណែត ដើម្បីផ្ដួចផ្ដើមគំនិត កេណ្ឌគ្នីគ្នាងើបប៉ះបោរដូចនៅទុយនេស៊ី និងនៅអេហ្ស៊ីប។ អ្វីដែលអាជ្ញាធរចិនចង់ឃ្លាំមើលគឺខ្លឹមសារនៃសារអេឡិចត្រូនិក ដ្បិតក្នុងគ្រាបច្ចុប្បន្នអ្នកប្រើប្រាស់ micro-blogs ដែលមានចំនួនរហូតជិត ២០០លាននាក់ ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ព័ត៌មានមិនពិត និងសារឃោសនា ក្នុងគោលដៅនិយាយសម្អុយថ្នាក់ដឹកនាំ ឬបង្កចលាចលក្នុងសង្គម។ នៅក្នុងន័យនេះ កន្លងទៅថ្មីៗនេះ នគរបាលចិនបានចាប់ខ្លួនអ្នកប្រើប្រាស់ micro-blogs ជាច្រើននាក់ និងបានបិទគណនីជាច្រើន ក្នុងនោះរួមមានជាអាទ៌និស្សិតម្នាក់នៅក្នុងខេត្ត Yunna ដែលបានបង្ហោះព័ត៌មានមិនពិត ស្ដីពីឃាតកម្មមួយដែលខ្លួនបានប្រឌិតឡើងទាំងស្រុង។
ទន្ទឹងនេះ នៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១១ អាជ្ញាធរជាតិគ្រប់គ្រងវិទ្យុ ទូរទស្សន៍ និងភាពយន្ត បានចេញផ្សាយសេចក្ដីណែនាំមួយ បញ្ជាឲ្យទូរទស្សន៍ទាំងអស់ ដែលផ្សព្វផ្សាយតាមបណ្ដាញផ្ដាយរណប កាត់បន្ថយកម្មវិធី reality TV និងកម្មវិធីកម្សាន្តណាដែលប៉ះពាល់ដល់ប្រពៃណី និងធ្វើឲ្យខូច «តម្លៃជាសារវន្តនៃមនោគមវិជ្ជាសង្គមនិយម»។ អាជ្ញាធរចិនចង់ឲ្យទូរទស្សន៍ ជួយលើកតម្លើងកម្រិតសីលធម៌របស់ប្រជាពលរដ្ឋ «កុំឲ្យឃើញតែលុយ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក»។ បទបញ្ជានេះ មិនមែនធ្លាក់មកដោយចៃដន្យនោះទេ ពីព្រោះកន្លងទៅថ្មីៗនេះ សង្គមចិនទាំងមូលមានការតក់ស្លុតខ្លាំងនៅចំពោះមុខរូបភាពវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយបន្តគ្នាតាមប្រព័ន្ធអ៊ីនធើណែត។ គឺជារូបភាពនៃក្មេងស្រីម្នាក់ដែលត្រូវបានរថយន្តបុកដួល និងកិនពីលើ។ រថយន្តបានបរទៅបាត់ រីឯមនុស្សម្នាវិញបានដើរធ្វើព្រងើយ មិនបានចាប់អារម្មណ៍សោះឡើយទៅលើក្មេងស្រីនោះ ដែលនៅដេកច្រងាងកណ្ដាលផ្លូវ។
ទាំងនេះគឺជាចំណុចមួយដែលយើងបានដឹង និងបានដកស្រង់ចេញពីកំណត់ត្រាផ្សេងៗ ប៉ុន្តែវាគឺជាការពិត និងជាក់ស្ដែងដែលមិនអាចប្រកែកបាន សម្រាប់សង្គមចិននាពេលបច្ចុប្បន្ន៕
ឯកសារយោង៖ មហាយក្សចិន
មតិយោបល់