ព័ត៌មានជាតិ

គំរោងស្ថាបនា រូបសំណាក បង្កង និងរូបសំណាក ពងទាកូន ត្រូវទទួលយករាល់មតិរបស់សាធារណៈ

​ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ​និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យសកម្មភាពការកែលម្អតាមដងផ្លូវចូលក្រុងដូនកែវ និងសិក្សាគំរោងស្ថាបនារូបសំណាក បង្កង និងរូបសំណាក ពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពល ប្រចាំខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម ​បានណែនាំដល់ក្រុមការងារស្ថាបនាទាំងអស់ ត្រូវធ្វើស្របទៅតាមស្ដង់ការបច្ចេកទេសឱ្យបានត្រឹមត្រូវ និងបានឆាប់រហ័ស ​សម្រាប់​លើក​សម្រស់ ក៏ដូចជា​សោភ័ណ្ឌ​ក្រុងដូនកែវ។

សម្រាប់គំរោងស្ថាបនា រូបសំណាក បង្កង និងរូបសំណាក ពងទាកូន ក៏ត្រូវបាន ឯកឧត្តម​អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីគំរោងនេះឱ្យបានជាក់លាក់ និងទទួលយករាល់មតិរបស់សាធារណៈទាំងអស់មកពិនិត្យមើល ទៅតាមស្ថានភាពជាក់ស្ដែង។

លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងថា ចំពោះការសង់រូបសំណាក់សម្គាល់ខេត្តតាកែវ មានរូប ព្រះវិស្ណុ គឺត្រូវបានអាជ្ញាធរសង់រួចរាល់ហើយ​។​ ដោយឡែកចំពោះការសិក្សាគំរោង ស្ថាបនា រូបសំណាក់ បង្កង និងរូបសំណាក់ ពងទាកូន ​គឺគ្រាន់តែចង់បង្ហាញ ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយម របស់ខេត្តតាកែវប៉ុណ្ណោះ​៕

ប្រភព៖​ រដ្ឋបាលខេត្តតាកែវ

 

មតិយោបល់