បាត់ដំបងៈ នៅទីបំផុតក្រុមយុវជន ២ក្រុមចំនួន ១៥នាក់ ដែលជាអ្នកលេងបណ្តាញសង្គម Tik tok ដៀមដាមឌឺដងដាក់គ្នារហូតឈានទៅបង្កជា ហិង្សាដោយ អាវុធនៅលើដងផ្លូវ និងត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនោះត្រូវបានបញ្ជូន ទៅកាន់តុលាការខេត្តបាត់ដំបងហើយ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក គី អីម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់យុវជនទាំង ១៥នាក់នោះ តាមមាត្រា៤១១ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីរង់ចាំការស្រាវជ្រាវ និងវិនិច្ឆ័យដល់អង្គសេចក្តីរួចហើយ។
បើទីបំផុតទៅរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសស្របតាមបញ្ញតិមាត្រា៤១១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាមែន នោះ ក្រុមយុវជននេះនឹងទទួលរងនូវទោសជាប់ពន្ធនាគារ មានរយៈពេលពីរ ០២ឆ្នាំ រហូតដល់០៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលទៀតផង។
សូមរំលឹកជូនថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមយុវជនចំនួន០២ក្រុមដែលមានឈ្មោះក្នុងបណ្តាញសង្គមTik tok ថា Boy Ser និងBoy Loy បានបើកការប្រយុទ្ធគ្នាតាមដងផ្លូវ ដោយមានអាវុធ (កាំបិតនិងដុំថ្ម) នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលពីមហាជននៅមូលដ្ឋាននោះ។
មូលហេតុ៖ ឈានដល់ហិង្សាដោយអាវុធនេះគឺ នៅក្រោយពីយុវជនទាំងពីរក្រុមនេះ បង្ហាញចេតនាឌឺដង និងដៀមដានដាក់ គ្នាមួយរយៈកន្លងមកតាមបណ្តាញសង្គមខាងលើ ដែលករណីហិង្សានេះ បានបណ្តាលឲ្យខូចខាតទ្រព្យសម្ប ត្តិ(ម៉ូតូ) តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ត្បិតពេលនោះក្រុមម្ខាងទៀត បានរត់គេចខ្លួនផុតតែបន្តិចប៉ុណ្ណោះ។
ក្រោយកើតហេតុមួយថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពួកគេចំនួន០២ ក្រុមមាន គ្នាចំនួន ១៥នាក់ គឺក្រុម Boy Srerចំនួន ០៨នាក់ នឹងក្រុម Boy Loy ចំនួន០៧ នាក់ ៕
មតិយោបល់