បាត់ដំបងៈ បុរសមា្នក់បានស្លាប់ភ្លាមៗ បន្ទាប់ពីយត្រាក់ទ័រទៅភ្ជួរដីដើម្បីបង្កបង្កើនផល ហើយកិនលើមីនតោន ០២គ្រាប់ដែលដាក់ត្រួតលើគ្នា ចំណែកត្រាក់ទ័រផ្ទុះស្ទើរដាច់ពីគ្នា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែកញ្ញានេះ ដោយជនរងគ្រោះឈ្មោះ ជិន កំសាន្ត អាយុ ៣៣ឆ្នាំ បានស្លាប់ភ្លាមៗដោយសារឃាតករលាក់មុខដ៏ឃោរឃៅសល់ពីការដើរខុសនៃអ្នកនយោបាយជំនាន់មុន នាភូមិបួ៊រុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង។
បើតាមសាក្សីបានឲ្យដឹងថា ជនរងគ្រោះបានខ្ទាតប៉ើងចេញពីតួត្រាក់ទ័រ ដែលគាត់កំពុងបើកបរភ្ជួរដីចំការរបស់គាត់នៅទីនោះ។ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះរូបនេះត្រូវបានបាត់បង់ជីវិត ឯត្រាក់ទ័ររបស់គាត់ត្រូវរងការខូចខាតទាំងស្រុង ។
សូមជំរាបជូនថា ក្នុងភូមិសាស្រ្តស្រុក រតនមណ្ឌលនេះ ជាអតីតសមរភូមិប្រយុទ្ឋដ៏ក្តៅគគុកមួយកាលពីអតីតកាល ហើយបច្ចុប្បន្ននៅមានយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅកប់រាយប៉ាយក្នុងដីនៅឡើយ បើទោះបីជាមានការរុករាវដោះយកគ្រឿងផ្ទុះពីសំណាក់អាជ្ញាធរជំនាញក្តី តែជារឿយៗគ្រោះថ្នាក់ដែលបង្កឡើងដោយយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះនេះតែងតែឆក់យកអាយុជីវិតប្រជាកសិករស្លូតត្រង់ដោយក្តីឈឺចាប់បំផុត។
សពរបស់ជនរងគ្រោះ ជិន កំសាន្ត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងសូមអំពាវនាវដល់ប្រជាកសិករមេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតលើបញ្ហានេះ ចៀសវាងកុំឲ្យកើតមានឧប្បត្តិហេតុដូចករណីនេះទៀត៕
មតិយោបល់