ព័ត៌មានជាតិ

របបសឹកមីយ៉ាន់ម៉ា ទម្លាក់កំហុសលើក្រុមបាតុករថាជាអ្នកដុតបញ្ឆេះហិង្សា

 

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ក្រុមបាតុករប្រឆាំងរបបសឹកថាជាអ្នកដុតបញ្ឆេះអំពើហិង្សា ខណៈព័ត៌មានក្លែងក្លាយបានញុះញង់ឱ្យមីយ៉ាន់ម៉ាធ្លាក់ចូល ក្នុងភាពចលាចល។ ការទម្លាក់កំហុសនេះកើតមានឡើង ខណៈបណ្ដាប្រទេសលោកខាងលិចប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងអង្គភាពដែលមាន ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ រួមទាំងការបង្រ្កាបយ៉ាងបង្ហូរឈាមលើបាតុករ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះលោក Zaw Min Tun បានគូសបញ្ជាក់ដូច្នេះថា៖ «តើយើងអាចហៅពួកគេថាជាក្រុមបាតុករសន្តិភាពបានដែរឬទេ? ហើយថាតើប្រទេស ឬអង្គការណាមួយដែលអាចចាត់ទុកអំពើហិង្សានេះជាសន្តិវិធី»។ អ្នកនាំពាក្យរូបនេះបន្ថែមថាមកទល់នឹងពេលនេះ មន្ត្រីសន្តិសុខ៩នាក់ហើយ បានស្លាប់ រីឯបាតុករ១៦៤នាក់បានស្លាប់។

តែបើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មនុស្សយ៉ាងហោច២៦១នាក់ឯណោះ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាម
ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ កាលពីថ្ងៃចន្ទម្សិលមិញមនុស្ស៣នាក់ត្រូវបានសម្លាប់ នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុង Mandalay៕

ប្រភព៖ AFP (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១)

មតិយោបល់