ព័ត៌មានជាតិ

មិនពាក់ម៉ាស់ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ដល់១លានរៀល​

ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួលទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។

មានប្រភេទបុគ្គលមួយចំនួន ដែលត្រូវលើកលែង ដូចជា កុមារអាយុក្រោម៦ឆ្នាំ ដែលមិនមានជំងឺកូវីដ-១៩, បុគ្គល ដែលមិនអាចពាក់ម៉ាស់ ដោយសារបញ្ហាសុខភាព ដោយមានការបញ្ជាក់ពីគ្រូពេទ្យ, បុគ្គល ដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយ ក្នុងអំឡុងនៃការជួបជុំគ្នាក្នុងលំនៅឋាននោះ, កីឡាករ-កីឡាការិនី ដែលកំពុងហាត់សម ឬកំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ។

បន្ថែមពីនេះ មានកាលៈទេសៈខ្លះ ក៏ត្រូវលើកលែងដែរ រួមមាន ពេលធ្វើដំណើរតែម្នាក់ឯង តាមមធ្យោបាយធ្វើដំណើរឯកជន ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា, ក្នុងកាលៈទេសៈ ដែលតម្រូវឲ្យដោះម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត, ពេលបរិភោគអាហារ ពេលពិសាទឹក និង ពេលថតរូប សម្រាប់ប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។

ផ្អែកតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រភេទបុគ្គលខាងលើ ឬបុគ្គលដែលស្ថិតក្នុងកាលៈទេសៈទាំងនោះ នឹងមិនត្រូវរងការពិន័យប្រាក់ឡើយ។

ក្រៅពីនេះ ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថែមទាំងលើកលែងការពិន័យប្រាក់ ចំពោះសិល្បករ-សិល្បការិនី ដែលត្រូវសម្តែងក្នុងកម្មវិធីសិល្បៈ និងចំពោះបុគ្គល ដែលត្រូវបញ្ចេញមតិក្នុងកម្មវិធីឬកិច្ចប្រជុំណាមួយ ដោយសារការពាក់ម៉ាស់ ជាឧបសគ្គក្នុងការនិយាយ។

កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការរក្សាគម្លាតសុវត្ថិភាព ក៏មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែរ។ បុគ្គលគ្រប់រូប ដែលស្ថិតនៅកន្លែងធ្វើការតាមគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម និង ទីកន្លែងសាធារណៈមានមនុស្សច្រើន ត្រូវរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះ។

ការមិនរក្សាគម្លាតសុវត្ថិភាព តាមទីសាធារណៈឬតាមទីតាំង ដែលមានមនុស្សច្រើន នឹងត្រូវរងការព្រមានសម្រាប់លើកទី១ ហើយបើមានកំហុសលើកទី២ នឹងត្រូវពិន័យប្រាក់ពី ២សែនរៀល ដល់១លានរៀល ដូចការមិនគោរពកាតព្វកិច្ចពាក់ម៉ាស់ដែរ។

ជាងនេះទៅទៀត ពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនរួម ប្រជាពលរដ្ឋ ក៏ត្រូវរក្សាគម្លាតសុវត្ថិដែរ។ តែបើមិនអាចរក្សាគម្លាតសុវត្ថិភាពបាន ពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើររួម ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់។

ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចែងថា បើស្ថិតក្នុងកាលៈទេសៈ ដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ ហើយផ្ទុយមកវិញ បើស្ថិតក្នុងកាលៈទេស ដែលមិនអាចពាក់ម៉ាស់បាន ប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតសុវត្ថិភាព។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញប្រកាសកំណត់ពីកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិ គឺស្ថិតក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមានប្រជាពលរដ្ឋកម្ពុជា៥នាក់ហើយ បានបាត់បង់ជីវិត ដោយសារជំងឺនេះ៕

ប្រភព៖ thmey thmey

មតិយោបល់