ព័ត៌មានជាតិ

អាមេរិក-អង់គ្លេស បញ្ចូលក្រុមហ៊ុនគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ក្នុងបញ្ជីខ្មៅ

 

(វ៉ាស៊ីតនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា មីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹង រដ្ឋប្រហារ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថាខ្លួនបានដាក់ទណ្ឌកម្មលើនឹងក្រុមហ៊ុនសម្ព័ន្ធ មីយ៉ាន់ម៉ាចំនួន២ គឺក្រុមហ៊ុន Holdings Public Company Ltd (MEHL) និងក្រុមហ៊ុន Myanmar Economic Corporation Ltd (MEC)។ ចំណែកឯ ចក្រភពអង់គ្លេសវិញ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន MEHL ដោយអះអាងថាជាការឆ្លើយតបការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីសំណាក់យោធាមីយ៉ាន់ម៉ា។

តាមរយៈការប្រកាសដាក់ទណ្ឌកម្មខាងលើ សហរដ្ឋអាមេរិកក៏បានហាមឃាត់ក្រុមហ៊ុន ឬពលរដ្ឋអាមេរិកទាំងអស់មិនឱ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនទាំង២ខាងលើនោះទេ ខណៈការដាក់ក្រុមហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ាទាំង២ចូលក្នុងបញ្ជីខ្មៅ គឺមានន័យថាពួកគេត្រូវបានដកចេញពីប្រព័ន្ធធានាគារ អាមេរិក។

ក្រុមហ៊ុនសម្ព័ន្ធទាំង២ខាងលើ គឺជាប្រភពរកប្រាក់ចំណូលដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា។ ក្រុមហ៊ុនទាំង២នេះក្ដោបក្ដាប់មុខជំនួយសឹងតែទាំងអស់នៅក្នុង ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានចាប់ពីពាណិជ្ជកម្មបារី, ស្រាបៀរ, ទូរគមនាគមន៍, រ៉ែ និងអចលនទ្រព្យជាដើម៕

Reuters៖ នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

មតិយោបល់