ព័ត៌មានជាតិ

បាតុករមីយ៉ាន់ម៉ានៅតែបន្តធ្វើបាតុកម្មតវ៉ា ខណៈអ្នកស្លាប់កើនលើស៣០០នាក់

 

(រ៉ង់ហ្គូន)៖ ក្រុមបាតុករនាថ្ងៃសុក្រនេះ នៅតែបន្តការប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ខណៈកាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា មនុស្សចំនួន០៩នាក់ទៀត ទើបត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់។

បាតុកម្មនៅមីយ៉ាន់ម៉ាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងតែពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈមកម្ល៉េះ។ បើតតាមក្រុមឃ្លាំងមើលសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ មនុស្សច្រើនជាង៣០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ។ ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកទាំងនេះមានជិត ៩០ភាគរយ បានស្លាប់ដោយសារតែគ្រាប់កាំភ្លើង ហើយមួយភាគបួនក្នុងចំណោមនោះទៀតសោត ត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាលតែម្តង។

តែផ្ទុយពីការអះអាងរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ក្រុមបាតុករ១៦៤នាក់បានស្លាប់ និងសមាជិកកងកម្លាំងសន្តិសុខ៩នាក់ បានបាត់បង់ជីវិត៕

Reuters៖ ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១

មតិយោបល់