ព័ត៌មានជាតិ

ប្រមុខ UN រិះគន់ប្រទេសអ្នកមានស្ដុកទុកវ៉ាក់សាំងកូវីដ-១៩ សម្រាប់តែខ្លួនឯង

 

(ម៉ុងរ៉េអាល់)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់បណ្ដាប្រទេសអ្នកមានសម្រាប់ការស្ដុកទុកវ៉ាក់សាំង COVID-19 ដោយលោកចាត់ទុកថានេះជាទង្វើគិតតែពីប្រយោជន៍ខ្លួនឯង។

 

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាណាដា CBC កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Antonio Guterres និយាយចំៗថា បណ្ដាប្រទេសអ្នកមានមួយចំនួនគិតតែពីប្រយោជន៍ខ្លួនតាមរយៈការស្ដុកទុកវ៉ាក់សាំងនៅក្នុងស្រុកលើសពីតម្រូវការរបស់ប្រជាជនខ្លួនឯង។

 

«ខ្ញុំពិតជាមានការព្រួយបារម្ភចំពោះភាពអយុត្តិធម៌នៃការចែកចាយវ៉ាក់សាំងនៅជុំវិញពិភពលោក…វាជាផលប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា ហើយយើងគួរតែធ្វើឱ្យប្រាកដថាក្នុងពេលឆាប់ៗនេះ មនុស្សគ្រប់រូបអាចនឹងទទួលបានការចាក់វ៉ាក់សាំងប្រកបដោយតម្លាភាព។ វ៉ាក់សាំងគួរតែត្រូវ បានចាត់ទុកថាជាប្រយោជន៍រួមដ៏ពិតប្រាកដរបស់ពិភពលោក»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខ UN៕

AFP៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

មតិយោបល់