ព័ត៌មានជាតិ

ស្រ្តីអាជីវករម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ នៅក្នុងផ្សារចាស់

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានករណីស្ត្រីអាជីវករម្នាក់ លក់ដូរក្នុងផ្សារចាស់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្សារ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចផ្សារចាស់ ផ្លូវលេខ១៥ ក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សុខ ផា (ហៅយាយម៉ាប់) អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅកន្លែងកើតហេតុ ស្នាក់នៅផ្ទះលេខ២២E1Z ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ តុលា ភេទប្រុស ដែលត្រូវជាក្មួយសពជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ២០២១ វេលាម៉ោង១០និង៣០នាទី រូបគេបានចេញពីផ្ទះមកផ្សារចាស់ ដើម្បីជួយរៀបចំអីវ៉ាន់អ៊ំស្រី (សព) ។ លុះពេលមកដល់កន្លែងលក់របស់គាត់ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើគ្រែលក់សាច់គោ ក្មួយបានចូលទៅដាស់គាត់ឲ្យងើប ប៉ុន្តែគាត់ពុំដឹងខ្លួន ហើយក៏ស្រែកហៅបងប្អូនឲ្យមកជួយមើល ទើបថាដឹងអ៊ំស្រីបានស្លាប់បាត់ទៅហើយ ។ កន្លងមកសពជនរងគ្រោះ គាត់មានជំងឺលើសឈាម និងទឹកនោមប្រៃ ប្រចាំកាយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជំងឺលើសឈាម និងទឹកនោមប្រៃ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់