ព័ត៌មានជាតិ

ចិនអនុម័តការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង

 

(ប៉េកាំង)៖ សភាប្រជាជនចិននៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះបានអនុម័តលើផែនការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង ខណៈបណ្ដាប្រទេស លោកខាងលិចអះអាងថាការធ្វើកំណែទម្រង់នេះនឹងជួយឱ្យទីក្រុងប៉េកាំងពង្រឹងការគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។

លោកស្រី Maria Tam ជាអ្នកនយោបាយហុងកុងជាន់ខ្ពស់ម្នាក់ដែលកំពុងធ្វើការជាមួយសភា ប្រជាជនចិនជុំវិញការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង បានឱ្យដឹងថាគណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុងនឹងមានសិទ្ធិ តែងតាំងអ្នកតំណាងរាស្ត្រ៤០រូប នៃសភាជាតិហុងកុង។

លោកស្រី Tam បន្ថែមទៀតថាចំនួនតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសដោយផ្ទាល់នឹងត្រូវកាត់បន្ថយពី៣៥រូប មកនៅត្រឹម២០រូប។ រីឯចំនួនតំណាងរាស្ត្រនឹងត្រូវ បង្កើនពី៧០រូបនាពេលបច្ចុប្បន្ន ដល់៩០រូប ខណៈសមាជិកនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតក៏នឹងត្រូវបង្កើនពី១,២០០នាក់ ដល់១,៥០០នាក់ផងដែរ នៅក្រោមក្របខណ្ឌនៃការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ៕

Reuters

មតិយោបល់