ផលប៉ះពាល់ និងគ្រោះថ្នាក់នៃវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca កំពុងតែបន្តធ្វើឲ្យមានការព្រួយបារម្ភ។ នៅប្រទេសបារាំង គិតមកត្រឹមពេលនេះ គឺមានមនុស្ស៤នាក់បានស្លាប់ ដោយសារតែបញ្ហាកកដុំគ្រាប់ឈាមក្នុងសរសៃឈាម ដែលគេសង្ស័យថា បណ្តាលមកពីវ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca។ ជនរងគ្រោះចុងក្រោយ ភេទស្ត្រី អាយុ៣៨ឆ្នាំ បានស្លាប់ក្រោយទទួលការចាក់វ៉ាក់សាំង AstraZeneca ជាង១០ថ្ងៃ។ ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅតុលាការបារាំង ជាលើកដំបូងបង្អស់ ទាក់ទិននឹងករណីនេះ ក្នុងគោលបំណងស្វែងរកការពិត ជុំវិញមូលហេតុនៃការស្លាប់នេះ។

ពាក្យបណ្តឹងត្រូវបានដាក់នៅចំពោះមុខតុលាការក្រុងទូលូស ភាគនិរតីប្រទេសបារាំង កាលពីរសៀលថ្ងៃសុក្រទី ២មេសា។ ជាពាក្យបណ្តឹង « មនុស្សឃាតដោយអចេតនា » ដែលគេមិនដឹងថានរណាជាជនជាប់ចោទទេ។ ស្ត្រីដែលស្លាប់ចុងក្រោយគេ កាលពីថ្ងៃទី២៩មីនា មានអាយុ៣៨ឆ្នាំ ជាបុគ្គលិកពេទ្យម្នាក់ ធ្វើការនៅវិទ្យាស្ថានអប់រំជនពិការមួយកន្លែង។
ស្ត្រីរូបនេះ បានទទួលការចាក់វ៉ាក់សាំង AstraZeneca នៅពាក់កណ្តាលខែមីនា។ យោងតាមលោក Etienne Boittin ដែលជាមេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា ស្ត្រីរូបនេះ មានសុខភាពល្អទេ មុននឹងចាក់វ៉ាក់សាំង។ តែក្រោយមកបានប៉ុន្មានថ្ងៃ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវយកទៅសង្គ្រោះបន្ទាន់ រហូតទាល់តែស្លាប់នៅថ្ងៃទី២៩មីនា។

លោកមេធាវី បានបញ្ជាក់ថា កម្មវត្ថុរបស់ក្រុមគ្រួសារសព ដែលដាក់ពាក្យប្តឹងនេះ គឺមិនមែនចង់ទាមទារសំណង ចោទប្រកាន់វ៉ាក់សាំង ឬ រដ្ឋបារាំងនោះទេ។ តែគឺដើម្បីស្វែងយល់ពីការពិត បើកផ្លូវឲ្យមានការអង្កេត ស៊ីជំរៅ ថាតើការស្លាប់នេះ វាមានអ្វីពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca ដែរឬទេ។
ប្រភព៖ RFI
មតិយោបល់