ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង យកអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ សម្រាប់ក្រុមគ្រូពេទ្យ សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ មានចំនួន ២៨៨ បន្ទប់

នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យមេីលការបំពាក់សម្ភារ:បរិក្ខាពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ ដែលមានអាគារចំនួន២ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ មានចំនួន ២៨៨ បន្ទប់ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលរួមសហការគ្នាក្នុងការបោសសម្អាត និងបំពាក់សម្ភារបរិក្ខាពេទ្យបានរួចរាល់នៅថ្ងៃនេះ ដេីម្បីត្រៀមទុកសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ជាពិសេសក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដែលជាកងទ័ពអាវស មិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត ។


ប្រភព: រដ្ឋបាលខេត្តស្វាយរៀង

មតិយោបល់