រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងប្រាប់សមភាគីចិនពីការឈ្លានពានរបស់ចិនចូលទៅក្នុងដែនទឹក ស្ថានភាពនៅហុងកុង និងស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិភាគតិច Uighur របស់ចិន ។
ការទាមទារដែនទឹកធំធេងរបស់ចិននៅសមុទ្រចិនខាងកើត និងខាងត្បូងបានក្លាយជាបញ្ហាអាទិភាពមួយនៅក្នុងទំនាក់ទំនងចិន- អាមេរិក ដែលកាន់តែមានភាពតានតឹង និងជាកង្វល់សន្តិសុខសម្រាប់ប្រទេសជប៉ុន។

ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសុន្ទរកថាមួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi លោក Motegi បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការលុកលុយរបស់ប្រទេសចិនក្នុងដែនទឹកក៏ដូចជាស្ថានភាពនៅទីក្រុងហុងកុង និងបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងជនជាតិភាគតិច Uighur ផងដែរ។

សន្ទរកថានោះបានបន្ថែមថា “លោកក៏បានអំពាវនាវយ៉ាងម៉ឹងម៉ាត់ឲ្យមានសកម្មភាពជាក់ស្តែង” ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ ប្រទេសចិនបានទាមទារប្រជុំកោះមិនមានមនុស្សរស់នៅដែលគ្រប់គ្រងដោយជប៉ុនដែលហៅថា Senakaku នៅក្នុងប្រទេសជប៉ុន និងកោះ Diaoyu នៅក្នុងប្រទេសចិនជារបស់ខ្លួន។ បញ្ហានេះបានញ៉ាំញីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីបញ្ហាក្នុងតំបន់ និងបានព្រមព្រៀងលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាដែលមានការបង្ក្រាបដោយយោធាយ៉ាងសាហាវទៅលើការតវ៉ាតាមដងផ្លូវកើតឡើងបន្ទាប់ពីរដ្ឋប្រហារ ៕
មតិយោបល់