ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេចជិះគេចខ្លួនតែប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួនប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ដែលពួកគេជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចហើយជិះរត់គេចខ្លួនបាត់នៅសល់តែម្នាក់ជិះជ្រុលទៅប៉ះជាមួយរថយន្តមួយគ្រឿងដួលក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន ហើយវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនបែកក្បាលហូរឈាមកក្លាក់ទើបប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសួរនាំនិងចាត់ការតាមច្បាប់។

ហេតុការណ៍នេះ កាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិ៥ មុខវិទ្យាល័យឬស្សីកែវ ភូមិឃ្លាំងសាំង ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ធូដេ ពណ៌ប្រផេះ តាមបណ្តោយផ្លូវជាតិ៥ទឹសដៅពីជេីងទៅត្បូងលុះមកដល់ចុះណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿងម៉ាកស្តុបពី១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IM -4560 ជាអ្នកឆក់កាបូបពីជនរងគ្រោះ និងម៉ូតូម៉ាក និច២គ្រឿងជិះគ្នា២ៗនាក់ ជាអ្នកបិតគូទពីក្រោយ។ ក្រោយឆក់បានសម្រេចហើយជនរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់អ្នកដំណើរតាមផ្លូវជួយដេញតាម ធ្វើឲ្យជនសង្ស័យភ័យចែកផ្លូវគ្នារត់ ហើយជនសង្ស័យដែលជិះម៉ូតូស្កុបពីបានជិះទៅប៉ះជាមួយរថយន្តព្រូស ពណ៌ស មួយគ្រឿងបណ្តាលដួល ទើបពលរដ្ឋចាប់បានវាយបែកក្បាលហូរឈាមពេញមុខ។ជនសង្ស័យនិងជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ណាណ។

ក្រោយពីចាប់ខ្លួនបានសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមទាំងមធ្យោបាយធ្វើសកម្មភាពឆក់យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់