ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាព ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាពនៅទូទាំងប្រទេសបាននិងកំពុងដំណើរការ ប៉ុន្តែបើពិនិត្យស្ថានភាពខាងមុខ ជំហានបន្តគឺត្រូវគ្រប់គ្រង(ការរីករាលដាលនៅ)រាជធានីភ្នំពេញ និងខេត្តកណ្ដាលឱ្យខានតែបាន។ សម្តេចតេជោ បានបន្ថែមថា ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដូច្នេះ ធ្វើផែនការរៀបចំសម្រាប់ចាក់វ៉ាក់សាំងបន្ត នៅពេលវ៉ាក់សាំងថ្មីមកដល់ ត្រូវសំដៅឆ្ពោះទៅលើរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

ក្នុង​សារ​ជា​សំឡេង​នោះ​ សម្ដេច​បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ជំទាវ​ ឱ វណ្ណឌីន និង​ឯកឧត្ដម វង្សី វិស្សុទ ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ គិត​គូរ​រៀប​ចំ​ផែនការ​ ដើម្បី​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ទូទៅ​នៅ​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល (ក្នុង​ចំណុច​ភូមិសាស្ត្រ ដែល​មាន​រោងចក្រ​ច្រើន​ដូច​ជា​ផ្លូវជាតិ​លេខ ៣ លេខ ៤ និង​លេខ ២ ជា​ដើម) នៅ​ពេល​ដែល​វ៉ាក់សាំង​ថ្មី​មក​ដល់​កម្ពុជា។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ក៏​បាន​លើកឡើង​ថា នា​ពេល​អនាគត​ទៅ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ អាច​នឹង​ក្លាយ​ជា​កាតព្វកិច្ច មិន​មែន​ជា​ការ​ស្ម័គ្រចិត្ត​ដូច​ឥលូវ​នោះ​ទេ បាន​សេចក្ដី​ថា អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​អាច​នឹង​ប្រឈម​មិន​ទទួល​បាន​ការងារ​ធ្វើ​ជា​ដើម។ យ៉ាងណាមិញ ករណី​នេះ​មិន​ទាន់​អនុវត្ត​ទេ នៅ​កម្ពុជា​យើង​ក្នុង​ពេល​នេះ។

សូម​ជម្រាប​ជូន​ថា យ៉ាង​តិច​ជិត ៦០ម៉ឺន​នាក់​ទទួល​បាន​វ៉ាក់សាំង​កូវីដ​នៅ​ក្នុង​កម្ពុជា ខណៈ​កម្ពុជា​ប្រើ​វ៉ាក់សាំង​ ៣ប្រភេទ​គឺ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​កូវីសែល (របស់​ក្របខ័ណ្ឌ​កូវ៉ាក់)។ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៤លាន​ដូស​គ្រោង​នឹង​ត្រូវ​ទិញ​បន្ថែម​នា​ពេល​ឆាប់ៗ​ខាង​មុខ៕

មតិយោបល់