(Reuters) - កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងប្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិថា ខ្លួនមិនទទួលស្គាល់អំណាចរបស់តុលាការដែលគ្រោងនឹងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងទឹកដីប៉ាឡេស្ទីន ។
បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលមុនថ្ងៃសុក្រដែលជាថ្ងៃផុតកំណត់ដើម្បីឆ្លើយតបនឹងលិខិតជូនដំណឹងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Netanyahu បាននិយាយថាអ៊ីស្រាអែលនឹងមិនសហការក្នុងការស៊ើបអង្កេតនោះទេប៉ុន្តែខ្លួននឹងបញ្ជូនការឆ្លើយតបទៅកាន់ ICC វិញ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែលនឹងបង្ហាញឲ្យឃើញច្បាស់ថា ខ្លួនគឺជាប្រទេសមួយដែលមាននីតិរដ្ឋដែលដឹងពីរបៀបស៊ើបអង្កេតដោយខ្លួនឯង” ។ ការឆ្លើយតបក៏នឹងមាននិយាយផងដែរថា អ៊ីស្រាអែល “បដិសេធទាំងស្រុង” ចំពោះការអះអាងដែលថាខ្លួនកំពុងប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមណាមួយ។
អ៊ីស្រាអែលមិនមែនជាភាគីលក្ខន្តិកៈទីក្រុងរ៉ូមដែលបានបង្កើតតុលាការ ICC ដូច្នេះបើតាមនិយមន័យនេះ អ៊ីស្រាអែលមិនមែនជាភាគីរបស់តុលាការទេ។
ព្រះរាជអាជ្ញាតុលាការ ICC ដែលបានបញ្ចូលឈ្មោះទាំងជនជាតិអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនថាអាចជាអ្នកប្រព្រឹត្តិបទឧក្រិដ្ឋ បាននិយាយថាលិខិតនានាបានផ្ញើនៅថ្ងៃទី ០៩ ខែមីនា ដល់ភាគីពាក់ព័ន្ធទាំងអស់ដោយផ្តល់ពេលឲ្យពួកគេមួយខែដើម្បីជូនដំណឹងដល់តុលាការប្រសិនបើពួកគេកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯងអំពីឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ និងចង់បានឱ្យមានការពន្យាពេលការស៊ើបអង្កេតរបស់ ICC ខណៈពេលដែលការស៊ើបអង្កេតទាំងនោះកំពុងបន្ត។
អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថាពួកគេនឹងសហការជាមួយ ICC ក្នុងការស៊ើបអង្កេតទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានចោទប្រកាន់នៅតំបន់ West Bank និង Gaza Strip ដែលកាន់កាប់ដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីនបន្ទាប់ពីអ៊ីស្រាអែលបានដកទ័ពកាលពីឆ្នាំ ២០០៥ ។
មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសប៉ាឡេស្ទីនលោក Omar Awadallah បានមានប្រសាសន៍ថា “យើងបានផ្ញើការឆ្លើយតបទៅតុលាការ ICC រួចហើយ ៕
មតិយោបល់