សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការងារនេះមិនមែនសម្ដេចលូកលានក្នុងស្ថាប័នតុលាការនោះទេ ប៉ុន្ដែសម្ដេចគ្រាន់តែបញ្ជាកាន់ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌តែប៉ុណ្ណោះ ព្រោះរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយក៏ជាសមាជិករាជរដ្ឋាភិបាល ដើម្បីចូលរួមសហការជាមួយស្ថាប័នតុលាការ ដើម្បីអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាព និងរហ័ស។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចមួយដែលខ្ញុំសុំចេញបទបញ្ជាដាច់ណាត់ត្រួតពិនិត្យម្មត់ចត់អ្នកធ្វើចត្តាឡីស័ក កុំឲ្យចេញក្រៅកន្លែងចត្តាឡីស័ក និងត្រូវអនុវត្តច្បាប់ជាចាំបាច់។ ខ្ញុំសូមស្នើឯកឧត្តម កើត រិទ្ធ ធ្វើការជាមួយតុលាការ ដើម្បីកាត់ទោសចំពោះអ្នកធ្វើចត្តាឡីស័ក មិនបានត្រឹមត្រូវ […] បើទោះបីដំណាក់កាលកូវីដយើងកាត់បន្ថយចំនួនមនុស្សធ្វើការតាមស្ថាប័ន ប៉ុន្ដែសវនាការកាត់ទោសចំពោះអ្នកបំពានទៅលើករណីកូវីដ ត្រូវតែធ្វើ ហើយធ្វើដោយចាំបាច់ ចាប់យប់នេះស្អែកកាត់។ ខ្ញុំមិនមែនបញ្ជាទៅតុលាការទេ ខ្ញុំបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ព្រោះរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប៉ុន្ដែរដ្ឋមន្ដ្រីគឺអាចសមាជិករាជរដ្ឋាភិបាល»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មុនបើកសវនាការក៏ត្រូវធ្វើតេស្ដបុគ្គលនោះផងដែរ ព្រោះដើម្បីដឹងច្បាស់ថា មានកូវីដ ឬគ្មានកូវីដ។ ក្នុងករណីមានកូវីដក៏ត្រូវយកទៅដាក់ពន្ធនាគារដែរ ប៉ុន្ដែត្រូវរៀបចំនៅកន្លែងណាមួយសមស្របជៀសវាងការចម្លងទៅអ្នកដ៏ទៃ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ បានចូលជាធរមានហើយ ដូច្នេះត្រូវយកមកប្រើប្រាស់ចំពោះអ្នកដែលល្មើសនឹងច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជាបន្ដទៀត៕
មតិយោបល់