ព័ត៌មានជាតិ

បារាំង៖ មនុស្ស​អាយុក្រោម៥៥ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី២បន្ទាប់​ នឹងត្រូវ​ជំនួស​ដោយ​​វ៉ាក់សាំង​ARN

កាលពីថ្ងៃ​ពុធកន្លងទៅ ទីភ្នាក់ងារឱសថអឺរ៉ុប បានទទួលស្គាល់ថា បញ្ហា​កក​ដុំគ្រាប់ឈាម​នេះ អាចចាត់ទុកបាន​ថាជា​ផលប៉ះពាល់មួយ​ បង្កឡើង ដោយ​វ៉ាក់សាំង AstraZeneca​មែន តែយ៉ាងណា វាជា​ចំណែកមួយ​តូចស្តួចស្តើងបំផុត បើប្រៀបធៀបទៅនឹង​ចំនួន​ដូស​ ដែលគេបានចាក់។ យ៉ាងណាក៏ដោយ​ អាជ្ញាធរសុខាភិបាល​បារាំង ទើបតែបាន​សម្រេច​ នៅថ្ងៃសុក្រនេះថា សម្រាប់​មនុស្សអាយុក្រោម​៥៥ឆ្នាំ​ ដែលបាន​ទទួលវ៉ាក់សាំងដូសទី​១ ជាវ៉ាក់សាំង AstraZeneca គឺដូស​ទី២ គេនឹងចាក់វ៉ាក់សាំងផ្សេងអោយ​វិញ ពោលគឺអាចជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Moderna ឬ Pfizer។

 

អាជ្ញាធរជាន់ខ្ពស់សុខភាពសាធារណៈបារាំង បានធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃសុក្រ ទី​៩មេសាដោយ​បាន​បញ្ជាក់ថា ចាប់ពីពេលនេះទៅ មនុស្ស​អាយុក្រោម៥៥ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី១ គឺគេនឹងមិនចាក់វ៉ាក់សាំង AstraZeneca ឲ្យ​នៅដូសទី២ទេ។ ដូសទី២ គឺគេនឹងចាក់វ៉ាក់សាំងប្រភេទ ARN ពោលគឺអាចជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Moderna ឬ Pfizer។

 

លោក Olivier Véran រដ្ឋមន្ត្រីក្រសួង​សុខាភិបាលបារាំង បានបញ្ជាក់នៅព្រឹកនេះថា វាជារឿងត្រឹមត្រូវហើយ​ ដែលអាជ្ញាធរសុខភាពសាធារណៈបារាំង សម្រេចដូច្នេះ ព្រោះថា តាំងតែពីថ្ងៃ​១៩មីនាមក គឺបារាំងមិនចាក់វ៉ាក់សាំង AstraZeneca​ ទៅឲ្យ​មនុស្ស​អាយុក្រោម​៥៥ឆ្នាំទេ។ ដូច្នេះ ទោះសម្រាប់ដូសទី​២​ក៏ដោយ ក៏​មិនត្រូវចាក់ដែរ ហើយជំនួសដោយ​វ៉ាក់សាំងផ្សេងវិញ។ នៅបារាំង អ្នកដែលបានទទួលវ៉ាក់សាំងដូស​ទី​១ ជាវ៉ាក់សាំង​ AstraZeneca គឺមាន​ប្រមាណជិត​​៦សែននាក់។ យ៉ាងណាមិញ លោក រដ្ឋមន្ត្រីសុខាភិបាលបារាំងខ្លួនឯង ដែលមានអាយុ​៤១ឆ្នាំនេះ ក៏បានទទួលវ៉ាក់សាំង​ដូសទីមួយ​ ជាវ៉ាក់សាំង​AstraZenecaដែរ។

មតិយោបល់