រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតជំងឺកូវីដ១៩ ទាំង៩នាក់ នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩។
យោតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា៖
* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល។
* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។
មាត្រា១៣ បានចែងពីករណីលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ដោយបញ្ជាក់ថា៖
* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស (ទាំងបទគេចវេះពីការធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទមិនគោរពវិធានការរដ្ឋបាល និងបទរេរាំងដល់ការអនុវត្តវិធានការ) ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។
* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះក្រុមគ្រួសារនៃបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។
រដ្ឋបាលរាជធានីភ្នំពេញ បានសូមបន្តអំពាវនាវឱ្យអ្នកជំងឺទាំង១៣នាក់ មកបង្ហាញខ្លួន ឬទាក់ទងមកអាជ្ញាធរ ដើម្បីទទួលយកការព្យាបាល។ អាជ្ញាធរក៏បានអំពាវនាវ ដល់អ្នកបានស្គាល់អ្នកជំងឺទាំងនេះ ជួយរាយការណ៍ទៅអាជ្ញាធរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕
មតិយោបល់