បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិភ្លាមៗនៅនឹងកន្លែងដោយសាររន្ទះបាញ់ ខណៈកំពុងខ្វារត្រីឆ្លូញនៅវាលត្រពាំងកក់ ខាងត្បូងភូមិពេលមេឃកំពុងភ្លៀង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលត្រពាំងកក់ខាងត្បូងភូមិម្កាក់ ចំងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចក់ ចាន់ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅខ្វារត្រីឆ្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំងកក់ខាងត្បូង ភូមិម្កាក់ ចំងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ។
ប្រភពដដែលបានបញ្ជាក់ថា មានប្រជាពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះនិយាយថា គាត់ឮរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បើកត្រាក់ទ័រត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញ ។ ពេលបើកមកដល់ចំណុចខាងលើ បានប្រទះឃើញជនរងគ្រោះដេកស្លាប់ លើខ្នងទំនប់ក្បែរម៉ូតូ ដោយមានដងកង្ខារសម្រាប់ខ្វារត្រីឆ្លូញធ្វើអំពីឫស្សីប្រវែង០២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍មកសមត្ថកិច្ច ។
ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យឃើញថា ជនរងគ្រោះគឺស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលរៀបឡើងជិះម៉ូតូត្រឡប់មកផ្ទះ ។
សពជនរងគ្រោះក្រោយពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់