(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ
បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន រោងចក្រនីអាន់ ឃីដ(ខេមបូឌា), រោងចក្រមីនេបៀ(ខេមបូឌា) , រោងចក្រ វាយ.ដាប់បែលយូ ហ្គ្រីនវ៉េ ថិចស្ថាយ និង អិន.វី.ស៊ី ខបភើរេសិន (វីតាល់)។
គិតត្រឹមសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ១០មណ្ឌលរួចហើយ ដែលរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ១០ ០០០នាក់ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ។
យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សំដៅធានាឱ្យបាននូវសុខភាពសាធារណៈ សុខុមាលភាព សុវត្ថិភាព និងការពារអាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករនិយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព អនុវត្តតាមវិធានការណ៍ និងស្របគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។
ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លទ្ធផលនៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ទទួលបានលទ្ធផលដូចខាងក្រោម៖
– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥៣ ៦៩៣នាក់ (បរទេសចំនួន ២ ០៩៦នាក់)
– ចាក់បានចំនួន ៥១ ៨៣៣នាក់ (បរទេសចំនួន ២ ០៧៦នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៨៦០នាក់ (បរទេសចំនួន ២០នាក់)។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់បានចុះឈ្មោះចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្ររបស់ខ្លួន និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំងតាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣ការពារ ៣កុំ និងចូលរួម ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍យើង កុំឱ្យជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ វាយលុកចូលទៅក្នុងខ្លួនយើង
ផ្ទះរបស់យើង និងសង្គមជាតិរបស់យើង ដែលអាចបង្កមហន្តរាយយ៉ាងធំដល់សុខភាពសាធារណៈ ក៏ដូចជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។
ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូន សម្ដេចនាយករដ្ឋមន្ត្រី ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងចាត់ចូលជាក្រុមអាទិភាព ជាពិសេសបងប្អូនកម្មករនិយោជិតដែលជាគោលដៅងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជម្ងឺកូវីដ១៩។ ទន្ទឹមនឹងនេះក្រសួង ក៏សូមថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា( GMAC) ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមក្នុងយុទ្ធនាការនេះ៕
មតិយោបល់