ព័ត៌មានជាតិ

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ពី​បទ​ធ្វើ​ សកម្មភាព​បែប​ភេរវកម្ម​ លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែ ស្របពេលដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិកជាន់ដី​​ អ៊ីស្រាអែល

ប្រធាន​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ លោក អាលី អាក់បារ សាឡេហ៊ី Ali Akbar Salehi បាន​ចាត់​ទុក​សកម្មភាព​វាយប្រហារដោយ​​ផ្តាច់​ចរន្ត​អគ្គីសនី​នៅ​មជ្ឈមណ្ឌលចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ កាលពី​ល្ងាច​មិញ ថា​ជា​ទង្វើដ៏​អាក្រក់​ ​ក្នុង​បំណង​បំផ្លាញ​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​​នុយក្លេអ៊ែរដ៏​លឿន​រហ័ស​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ អ៊ីរ៉ង់​បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិមាន​ប្រតិកម្ម​ប្រឆាំង​នឹង​ទង្វើ​ “​ភេរវកម្មនុយក្លេអ៊ែរ”​ នេះ។ ប្រធាន​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​បាន​ព្រមាន​ធ្វើ​ការ​សង​សឹក​ ដោយ​មិន​បញ្ចេញ​ឬ​ចង្អុល​ឈ្មោះ​ថា​ជា​ទង្វើ​របស់​ប្រទេសណាទេ។

ជាការ​សង​សឹក​ឱ្យ​សមនឹង​ទង្វើ និង​ពេល​ឱកាស​ហុច​ឱ្យ។ នេះ​បើ​តាម​សំដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់លោក Saïd Khatibzadeh ​នៅក្នុង​សន្និសីទ​កាសែតនា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២​មេសា ដោយ​​បាន​ចោទ​អ៊ីស្រាអែល​ដោយ​ប្រយោល​ថា ការ​វាយប្រហារ​នេះ ជាស្នាដៃ​របស់អ្នក​ប្រឆាំង​និង​​ចង់បំផ្លាញ​កិច្ច​ចរចា​ក្រុង​វីយ៉ែន ដើម្បី​ឱ្យ​អាមេរិក​បាន​ត្រលប់​មក​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់់វិញ។ តែ​អ៊ីរ៉ង់​នឹង​មិន​ធ្លាក់​ក្នុង​អន្ទាក់​របស់​អ៊ីស្រាអែលឡើយ។ បើ​តាមលោក Saïd Khatibzadeh ដដែល ថ្វី​បើ​អ៊ីរ៉ង់​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​បាន​​អំពីទំហំ​នៃ​​ការ​ខូច​ខាត​​ក៏​ដោយ ក៏​កា​រវាយប្រហារ​ដោយ​នាំ​ឱ្យដាច់​ចរន្ត​អគ្គីសនី​នៅមជ្ឈមណ្ឌល​​នុយក្លេអ៊ែរ ដើម្បី​​កម្រិត​សមត្ថភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ប៉ះពាល់​តែ​លើ​បណ្តាញ​ឧបករណ៍ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ទី​មួយ​ IR-1។ ម្សិលមិញ នាយក​អង្គការ​បរមាណូអ៊ីរ៉ង់​ក៏​បាន​អះអាង​ដែរ​ថា​គ្រោះ​ថ្នាក់​ដាច់​ភ្លើង​​មិន​បណ្តាល​ឱ្យ​មានការ​បាត់​បង់​ជីវិត​ របួស ឬ​ធ្លាយ​ជាតិ​ពុល​ទេ​​។

ហេតុការណ៍​ភេរវកម្មនុយក្លេអ៊ែរ​នៅ​អ៊ីរ៉ង់​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ការពារអាមេរិក លោក Lloyd Austin ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដើម្បីពិភាក្សា​អំពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​តែម្តង។ បើតាមការ​លើក​ឡើង​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បារាំង​នៅ​ហ្សេរុយសាឡិម Michel Paul អ៊ីស្រាអែល​ទទួលស្គាល់​ដោយ​ចុងមាត់​ចុងក​អំពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​វាយប្រហារ​ផ្តាច់​ភ្លើង​នៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ។ សារព័ត៌មាន​ក្នុង​ស្រុក​អ៊ីស្រាអែល​ដោយលើក​យក​​ប្រភពពី​ទីភ្នាក់ងារ​ចារកិច្ច​ជា​សំអាង​បាន​បញ្ជាក់​ថា​ ការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​ម្សិលមិញ​នេះ ជា​ស្នាដៃ​របស់ Mossad ​អង្គភាពចារកិច្ច​អ៊ីស្រាអែល​មួយ និង​បាន​បង្កការ​ខូចខាត​ធ្ងន់ធ្ងរខ្លាំង​ដែល​អ៊ីរ៉ង់​មិននឹកស្មានដល់ទេ៕

 

មតិយោបល់